តើកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកបានបញ្ចេញសញ្ញាអ្វីខ្លះទៅកាន់ពិភពលោក ?

 

កាលពីមួយឆ្នាំមុន ប្រមុខរដ្ឋចិននិងអាមេរិកបានធ្វើកិច្ចជំនួបនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានឯកភាពគ្នាថា ក្រុមការងារផ្នែកការទូតទ្វេភាគីនឹងរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពោលគឺធ្វើការពិគ្រោះពិភាក្សាជាមួយគ្នាឱ្យបានញឹកញាប់ ។ ចំណែកក្រុមការងារផ្នែកហិរញ្ញវត្ថុធ្វើកិច្ចសន្ទនានិងកិច្ចសម្របសម្រួលលើបញ្ហាស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។ ភាគីទាំងពីរដ៏បានរំលេចពីសារៈសំខាន់នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយលើកទឹកចិត្តឱ្យប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងប្រជាជនក្នុងគ្រប់វិស័យ ។

 

ប៉ុន្តែពិតមែនតែមានគំនិតឯកភាពរួម តែការអនុវត្តមិនមែនជារឿងងាយស្រួលទេ ពិសេសនិយាយចំពោះប្រទេសចិននិងអាមេរិកដែលមានប្រពៃណី ទំនៀមទម្លាប់ ទស្សនៈនិងបែបផែននៃការធ្វើការខុសគ្នា ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរនៅតែមានរឿងរកាំរកូសមួយចំនួនដែលចៀសមិនបាន ។ ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «ទំនាក់ទំនងរវាងចិននិងអាមេរិកមានផលប្រយោជន៍ច្រើនដាច់ពីការខ្វែងគំនិត យើងមានមួយពាន់ហេតុផលសម្រាប់រក្សាទំនាក់ទំនងល្អជាមួយគ្នា តែគ្មានហេតុផលណាមួយមកបង្កជម្លោះជាមួយគ្នានោះឡើយ » ។

ដោយសារមើលឃើញពីសារៈសំខាន់ខ្លាំងនៃទំនាក់ទំនងរវាងមហាប្រទេសទាំងពីរ និងរំពឹងឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់និងពិភពលោក ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិសេដ្ឋកិច្ចនិងបម្រែបម្រួលអាកាសធាតុជាដើម ពិសេសគឺការដើរតួនាទីជាប្រទេសធំដែលមានទំនួលខុសត្រូវ អាស្រ័យហេតុនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិកនៅថ្ងៃទៅ ១៤ ខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចជំនួបកំពូលជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកតាមការអញ្ជើញរបស់ភាគីអាមេរិក ព្រមទាំងចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

 

នៅថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកបានធ្វើឡើងតាមការគ្រោងទុក ។ តើកិច្ចជំនួបនេះបានបញ្ចេញសញ្ញាអ្វីខ្លះទៅកាន់ពិភពលោក ?

 

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បញ្ហាតៃវ៉ាន់ជាបញ្ហាដ៏រសើបបំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ដូច្នេះក្នុងកិច្ចជំនួបលើកនេះ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ប្រទេសចិននឹងសម្រេចការបង្រួបបង្រួមជាតិ ហើយមុខជានឹងសម្រេចបានជាដា​ច់ខាត ។ នេះជាសញ្ញាមួយដែលចិនប្រាប់ទៅភាគីអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិថា បញ្ហាតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយក៏ជាបន្ទាត់ក្រហមរបស់ចិនដែរ មិនអនុញ្ញាតឱ្យមានការរំលោភបំពានដាច់ខាត ។ ចំណែកលោក បៃដិន ក៏បានគូសរំលេចម្តងទៀតថាអាមេរិកប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងមិនគាំទ្រឱ្យតៃវ៉ាន់ឯករាជ្យនោះទេ ។

បច្ចុប្បន្ន មិនមែនគ្រប់ទីកន្លែងនៅលើពិភពលោកសុទ្ធតែមានសន្តិភាពនោះទេ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ការវាយប្រហាររបស់អាមេរិកទៅលើស៊ីរីជាដើម សុទ្ធតែបានបង្កឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន និងកើតមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ។ ដូច្នេះ បញ្ហានៅចំពោះមុខរបស់មហាប្រទេសទាំងពីរចិននិងអាមេរិក គឺថាតើគួរជ្រើសយកផ្លូវណាមួយដើម្បីដើរទៅមុខ ? តើត្រូវធ្វើកិច្ចសហប្រតិបត្តិការដែលនាំមកនូវការអភិវឌ្ឍ សន្តិភាពនិងស្ថិរភាពជូនពិភពលោក ឬប្រឈមមុខដាក់គ្នាដែលបង្កឱ្យពិភពលោកាន់តែរង្គោះរង្គើរហូតដល់បាក់បែកខ្ទេចខ្ទាំ ? នោះជាសំណួរដែលលោក ស៊ី ជីនភីង បានដាក់ជូនទៅលោក បៃដិន ហើយក៏ជាសញ្ញាប្រាប់ទៅសហគមន៍អន្តរជាតិផងដែរថា មានតែការអង្គុយនៅមុខតុចរចាទេ ទើបយើងអាចដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយសន្តិវិធី ដើម្បីចៀសវាងការប៉ះទង្គិចដែលនាំឱ្យខាតបង់ផលប្រយោជន៍ទាំងសងខាង ។

 

សញ្ញាវិជ្ជមានមួយដែលបានបញ្ចេញក្នុងកិច្ចជំនួបនេះ គឺប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានឯកភាពគ្នារៀបចំឡើងវិញនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងយោធានៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចជំនួបការងារនៃក្រសួងការពារជាតិចិន-អាមេរិក និងកិច្ចប្រជុំនៃយន្តការពិគ្រោះពិភាក្សាស្តីពីសន្តិសុខយោធាតាមសមុទ្រចិន-អាមេរិកដោយឈរលើមូលដ្ឋាននៃសមភាពនិងការគោរពគ្នា ព្រមទាំងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំនៃយុទ្ធភូមិភាគកងទ័ពទាំងពីរចិន-អាមេរិក ដែលនេះជាការដំណើរការឡើងវិញនូវទំនាក់ទំនងយោធានៃប្រទេសទាំងពីរបន្ទាប់ពីអាក់ខានអស់មួយរយៈ ។

 

សញ្ញាមួយទៀតគឺគូសរំលេចពីទំនួលខុសត្រូវនៃមហាប្រទេស ។ តើអ្វីជាទំនួលខុសត្រូវនៃមហាប្រទេស ? ទំនួលខុសត្រូវនៃមហាប្រទេសគឺការស្វែងរកសុខសន្តិភាពនិងវិបុលភាពជូនពិភពលោក គឺការចាត់ទុកជោគវាសនារួមរបស់មនុស្សជាតិជាបេសសកកម្មរបស់ខ្លួន ប៉ុន្តែមិនមែនដើម្បីទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ បញ្ហាប្រឈមសកលត្រូវមានដំណោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសនានា គ្មានប្រទេសណាដែលអាចយករួចខ្លួនពីការវាយប្រហារនៃវិបត្តិសកលនោះឡើយ ហើយក៏គ្មានប្រទេសណាដែលអាចដោះស្រាយបញ្ហាសកលដោយឯកឯងបានដែរ ពោលគឺកិច្ចសហប្រតិបត្តិការត្រូវធ្វើឡើងដើម្បីស្វែងរកផលប្រយោជន៍ឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យ ( ចង់បានតែប្រយោជន៍តែម្ខាង ) នោះទេ ។

 

ជាការពិតណាស់ មានការប្រកួតប្រជែងទើបមានភាពរីកចម្រើន តែការប្រកួតប្រជែងគួរធ្វើឡើងតាមបែបវិជ្ជមានដែលនាំមកនូវផលប្រយោជន៍ទូទៅ មិនមែនដើម្បីអំណាចផ្តាច់មុខឬអនុត្តរភាពនោះទេ ។ ប្រសិនបើប្រទេសមហាអំណាចគិតតែពីការប្រជែងយកចាញ់-ឈ្នះ នោះនឹងនាំមកនូវលទ្ធផលអវិជ្ជមានជាច្រើន តែបើធ្វើការជាមួយគ្នាដោយស្មោះត្រង់និងស្មើភាព នោះនឹងអាចរួមគ្នាឆ្លើយតបនឹងវិបត្តិផ្សេងៗ ហើយឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួម ៕

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。