ប្រទេសចិននឹងពង្រីកការបើកទូលាយថែមទៀតដើម្បីផលប្រយោជន៍ឈ្នះ-ឈ្នះ

នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលដែលថ្លែងដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនក្នុងពិធីបើកមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ បានលើកឡើងនូវចំណុចមួយថា ក្នុងឆ្នាំ ២០២៤ ប្រទេសចិននឹង​​បន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិន ។

ការលើកឡើងបែបនេះបានគូសបញ្ជាក់សាជាថ្មីពីគោលជំហររបស់ប្រទេសចិនក្នុងការបើកទូលាយចំពោះបរទេសនិងស្វាគមន៍គ្រប់សហគ្រាសបរទេសឱ្យបណ្តាក់ទុននៅប្រទេសចិន ។ អ្វីដែលគេឃើញជាក់នឹងភ្នែកគឺថា បន្ទាប់ពីការដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយកាលពី ៤៥ ឆ្នាំមុនមក ប្រទេសចិនបានពង្រីកការបើកទូលាយជាបន្តបន្ទាប់ ដើម្បីតភ្ជាប់ជាមួយពិភពលោក ដែលបានរួមចំណែកដ៏ធំធេងសម្រាប់ការអភិវឌ្ឍនៃពិភពលោក ។

default

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែរងសម្ពាធពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍កន្លងទៅ ក៏ដូចជាស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញក្តី ប៉ុន្តែសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ ២០២៣ នៅតែដំណើរការប្រកបដោយស្ថិរភាព និងមានកំណើនផលិតផលក្នុងស្រុកសរុប ៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក ។ ទិន្នន័យមួយនេះជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការលើកឡើងរបស់បស្ចិមប្រទេសមួយចំនួនស្តីពីអ្វីដែលហៅថា«ទ្រឹស្តីប្រទេសចិនដួលរលំ» និងការឃោសនាបំផ្លើសថា«សហគ្រាសទុនបរទេសបាននាំគ្នាដកចេញពីប្រទេសចិនដោយសារសេដ្ឋកិច្ចចិនយ៉ាប់យ៉ឺន» ។

 

តើប្រទេសចិនរឹតត្បិតចំពោះសហគ្រាសទុនបរទេស ? បើតាមរបាយការណ៍ការងាររដ្ឋាភិបាលចិន នៅឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលចិននិងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាន និងលុបចោលទាំងស្រុងនូវវិធានការដាក់កំហិតចំពោះវិស័យកម្មន្តសាលដែលវិនិយោគដោយសហគ្រាសបរទេស ក៏ដូចជាបើកទូលាយថែមទៀតនូវទីផ្សារសេវាកម្មដូចជាវិស័យទូរគមនាគមន៍និងសុខាភិបាលជាដើម ។ ក្រៅពីនេះ រដ្ឋាភិបាលចិននឹងផ្តល់ភាពអនុគ្រោះចំពោះសហគ្រាសទុនបរទេសឱ្យដូចជាសហគ្រាសចិន និងធានាពីសមភាពនៃការចូលរួមសកម្មភាពលទ្ធកម្មរបស់រដ្ឋាភិបាល និងការដេញថ្លៃគម្រោងជាដើម ពិសេសនឹងបង្កើនការផ្តល់សេវាធានាចំពោះសហគ្រាសទុនបរទេស ដើម្បីបង្កើតជាផលិតផល «វិនិយោគទុននៅប្រទេសចិន» ។

 

ទាំងនេះសបង្ហាញថា ប្រទេសចិនមិនត្រឹមតែមិនបានដាក់កំហិតចំពោះសហគ្រាសបរទេសដែលវិនិយោគនៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកែសម្រួលគោលនយោបាយនិងច្បាប់វិនិយោគជាបន្តបន្ទាប់ដើម្បីផ្តល់ភាពងាយស្រួលនិងភាពកក់ក្តៅសម្រាប់សហគ្រាសបរទេស ។ ទីផ្សារដ៏មានសក្តានុពលរបស់ចិនបានក្លាយជាវេទិកាអភិវឌ្ឍន៍របស់សហគ្រាសបរទេសធំៗលំដាប់អន្តរជាតិ និងសហគ្រាសគ្រប់ធុន ដោយសហគ្រាសទាំងនេះអាចប្រកបអាជីវកម្មដោយសេរីនិងស្មើភាពនៅប្រទេសចិនដែលបានទទួលផលចំណេញរៀងៗខ្លួន ។

 

អ្វីដែលគួរឱ្យកត់សម្គាល់ គឺថាក្នុងរបាយការណ៍ការងាររដ្ឋាភិបាលដែលដាក់ជូនមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំនេះចែងថា ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍ«កម្លាំងផលិតកម្មគុណភាពថ្មី» ពោលគឺយកការច្នៃប្រឌិតថ្មីមកជំរុញកម្លាំងផលិតកម្មប្រកបដោយគុណភាព ដែលមានលក្ខណៈខុសគ្នាពីកម្លាំងផលិតកម្មប្រពៃណី ។ «កម្លាំងផលិតកម្មគុណភាពថ្មី»ជាកម្លាំងផលិតកម្មទំនើបដែលប្រកបដោយលក្ខណៈបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវការបដិវត្តថ្មីលើវិស័យផលិតកម្មរបស់ប្រទេសចិន ហើយក៏នឹងមានឥទ្ធិពលចំពោះវិស័យផលិតកម្មនៃពិភពលោកផងដែរ ។

 

ការកែទម្រង់វិស័យផលិតកម្មនឹងបន្ថែមកម្លាំងចលករថ្មីដល់សហគ្រាសផលិតកម្មរបស់ប្រទេសចិន និងជាកម្លាំងស្រូបទាញចំពោះសហគ្រាសបរទេសដែលមានជំនាញផ្នែកផលិតកម្មទំនើបឱ្យចូលរួមជាមួយសហគ្រាសចិនដើម្បីប្រកួតប្រជែងក្នុងទីផ្សារចិននិងអន្តរជាតិ ដែលជាការរួមចំណែកដល់ការធ្វើបរិវត្តកម្មវិស័យផលិតកម្មដែលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគត ។

 

«ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជារៀងរហូត ហើយកាន់តែបើកកាន់តែធំ» , «ប្រទេសចិនរីករាយក្នុងការចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ខ្លួនជាមួយពិភពលោកទាំងមូល» ទាំងនេះជាការប្រកាសដ៏ឱឡារិករបស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរនិងឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសនានាដើម្បីទទួលបានផលប្រយោជន៍រួម ការអភិវឌ្ឍរួមនិងវិបុលភាពរួមនៅទីបំផុត ៕

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

 

 

你可能还喜欢

评论被关闭。