ភាពរ៉ូម៉ែនទិចបែបចិន ៖ ការប្រគំតន្ត្រីលើវាលខ្សាច់
និយាយដល់ការប្រគំតន្ត្រី វាមិនមែនជារឿងចម្លែកអ្វីទេសម្រាប់យើងទាំងអស់គ្នា ពីព្រោះវាជារឿងដែលយើងបានដឹងនិងបានស្គាល់យ៉ាងច្បាស់ មិនថាយើងធ្លាប់ទៅទស្សនានៅឯឆាកប្រគំតន្ត្រីផ្ទាល់ ឬទស្សនាតាមកញ្ចក់ទូរទស្សន៍នោះទេ ។ តែបើនិយាយដល់ការប្រគំតន្ត្រីលើវាលខ្សាច់វិញ ប្រហែលមិនសូវមានអ្នកដឹងឮទេ ។
ក្រុង ទួនហួង ដែលស្ថិតនៅភាគពាយព្យនៃខេត្ត កានស៊ូ ប្រទេសចិន ជាទីក្រុងបុរាណដ៏ល្បីឈ្មោះដោយសារមានរមណីយដ្ឋានប្រវត្តិសាស្ត្រនិងអរិយធម៌ដ៏ចំណាស់ ។ ចម្លាក់ថ្មនៅរូងថ្ម ម៉ក់កាវ និងគំនូរលើជញ្ជាំងនៅក្នុងរូងភ្នំជាស្នាដៃវិចិត្រសិល្បៈបុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាតឹកតាងប្រវត្តិសាស្ត្រដ៏រស់រវើកដែលឆ្លុះបញ្ជាំងពីអរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់និងយូរលង់របស់ប្រទេសចិន ។
ក្រៅអំពីបុរាណដ្ឋាន វាលខ្សាច់ក៏ជាប្រភពធនធានទេសចរណ៍ដ៏សំខាន់នៃខេត្ត កានស៊ូ ផងដែរ ។ ផ្អែកលើធនធានវាលខ្សាច់ដែលមានទំហំរហូតដល់ទៅជាង ៥០% នៃទំហំផ្ទៃដីនៃខេត្តទាំងមូល រដ្ឋបាលតំបន់នានានៃខេត្ត កានស៊ូ បានបង្កើតឧទ្យានជាតិវាលខ្សាច់ជាច្រើនដែលជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ។ ក្នុងនោះ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ជាឧទ្យានជាតិវាលខ្សាច់មួយដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
កាលពីវិស្សមកាលរដូវក្តៅនៃឆ្នាំ ២០២៣ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានបញ្ចេញនូវផលិតផលទេសចរណ៍បែបច្នៃប្រឌិតថ្មី ពោលគឺ«ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ក្រោមពន្លឺផ្កាយដែលរះពេញមេឃ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរ ពិសេសក្នុងចំណោមយុវជន ។ នៅក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ ការប្រគំតន្ត្រីនេះបានប្រារព្ធឡើងជាលើកទី ២ តាមពេលកំណត់ ដែលបាននាំមកនូវបទពិសោធដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរ ។
តាមទិន្នន័យនៃព័ត៌មានទេសចរណ៍ខេត្ត កានស៊ូ ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែសីហា រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ទទួលបានភ្ញៀវទេសចរណ៍សរុប ២៣០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៤ នេះ ដែលមានកើនឡើង ៥០ ម៉ឺននាក់ ត្រូវជាប្រមាណ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ ចំនួនអ្នកចូលទស្សនាការប្រគំតន្ត្រីលើវាលខ្សាច់ក្នុងមួយយប់មានប្រមាណជា ៧-៨ ម៉ឺននាក់ ។
រូបមន្ត«តន្ត្រី+ទេសចរណ៍»ដែលជាផលិតផលទេសចរណ៍ប្រណីតទើបបញ្ចេញថ្មីរបស់រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានផ្តល់ជម្រើសកាន់តែច្រើនជូនដល់ភ្ញៀវទេសចរ ពោលគឺពេលថ្ងៃរីករាយជាមួយទេសភាពធម្មជាតិនៃវាលខ្សាច់ ពេលយប់បណ្តែតអារម្មណ៍ជាមួយបទចម្រៀងពីរោះៗ ។ ទិដ្ឋភាពដែលមនុស្សរាប់ម៉ឺននាក់ជួបជុំគ្នានៅលើវាលខ្សាច់ ដើម្បីស្តាប់ការប្រគំតន្ត្រីឬនាំគ្នាច្រៀងតាមចង្វាក់ភ្លេង ពិសេសគ្រាន់តែងើយមើលមេឃ ក៏អាចមើលឃើញហ្វូងផ្កាយដែលរះព្រោងព្រាតឰដ៏អាកាស ដែលជាការសោយអារម្មណ៍ទាំងសោតវិញ្ញាណនិងចក្ខុវិញ្ញាណ ។
ពេលច្រៀងចប់ប៉ុន្មានបទ ដ្រូនចំនួន ៦០០ គ្រឿងបានហោះឡើងជាសន្សឹមៗ ហើយហោះក្រវែលចុះឡើងតាមចង្វាក់ភ្លេង បន្ទាប់មកតម្រៀបគ្នាជាអក្សរចិនដូចជា «ណាត់ជួបគ្នានៅក្រុងទួនហួង» និង«ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ក្រោមពន្លឺផ្កាយដែលរះពេញមេឃ»ជាដើម ដែលបានបង្កបរិយាកាសកាន់តែសប្បាយរីករាយនិងកាន់តែជក់ចិត្តដិតអារម្មណ៍សម្រាប់ទស្សនិកជន ។ ក្រោយពីចប់ការប្រគំតន្ត្រី មានភ្ញៀវទេសចរជាច្រើនដែលអាឡោះអាល័យមិនចង់ចាកចេញបាននាំគ្នាប្រះខ្លួនទម្រេតលើវាលខ្សាច់ សម្លឹងមើលផ្កាយដែលរះពេញមេឃ ទទួលយកភាពរ៉ូម៉ែនទិចដែលមិនធ្លាប់មានក្នុងឆាកជីវិត ។
តាំងពីបុរាណមក ប្រជាជនចិនក៏ប្រសប់ក្នុងការផ្សារភ្ជាប់មនោគតិទៅនឹងការពិតជាក់ស្តែងដែលបង្កើតបានជាការច្នៃប្រឌិតថ្មី និងក្លាយជាវប្បធម៌ដ៏ពិសេសនៃបូព៌ាប្រទេស ។ការច្នៃប្រឌិតថ្មីនូវផលិតផលទេសចរណ៍ដែលដាក់បញ្ចូលនូវភាពរ៉ូម៉ែនទិចបែបចិននិងបច្ចេកវិទ្យាទំនើបបានក្លាយជាចំណុចទាក់ទាញថ្មីចំពោះទេសចរជាតិនិងអន្តរជាតិហើយនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានសម្រាប់ទេសចរគ្រប់រូប ។
ស្របនឹងការដាក់ចេញគោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនក៏បានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយកែលម្អគុណភាពនិងសេវាកម្មទេសចរណ៍ផងដែរ តួយ៉ាងដូចជាការលើកលែងទិដ្ឋាការទៅវិញទៅមកឬដោយឯកតោភាគីជាមួយប្រទេសកាន់តែច្រើនឡើងៗ ពិសេសការលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងសម្រាប់ការឆ្លងកាត់ប្រទេសចិនបាននាំឱ្យជនបរទេសដែលធ្វើដំណើរឆ្លងកាត់ប្រទេសចិនអាចចូលទស្សនាកម្សាន្តប្រទេសចិនក្នុងរយៈពេលខ្លីយ៉ាងងាយស្រួល ។ ជារួម ផលិតផលទេសចរណ៍ដែលប្រកបដោយភាពចំណាស់ផ្នែកអរិយធម៌និងវប្បធម៌បូករួមជាមួយភាពទំនើបទាន់សម័យនិងភាពរ៉ូម៉ែនទិចបែបចិនបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់មិត្តបរទេសស្វែងយល់អំពីប្រទេសចិន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。