ក្រុមហ៊ុនដាំដុះចេកអំបូង Cambodian Banana Agricultural នាំចេញចេកអំបូងជាង ២ ម៉ឺនតោនទៅកាន់ប្រទេសចិន

ក្រុមហ៊ុនដាំចេកអំបូង Cambodian Banana Agricultural Co.,Ltd បាននាំចេញទិន្នផលចំនួន ២២ ០០០ តោនទៅកាន់ទីផ្សារប្រទេសចិន។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា Cambodian Banana Agricultural Co.,Ltd គឺជាក្រុមហ៊ុនដាំដុះចេកអំបូងរបស់ក្រុមហ៊ុន Green Island Agricultural Development (Cambodia) Co.,Ltd ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយមានកម្មករបម្រើការជិត ៦០០នាក់និងបុគ្គលិកការិយាល័យជនជាតិខ្មែរចំនួន ៩ នាក់ ព្រមទាំងបរទេសចំនួន ២៩ នាក់។ កន្លងមក ក្រុមហ៊ុនបាននាំចេញទិន្នផលចំនួន ២២ ០០០ តោនទៅកាន់ទីផ្សារប្រទេសចិន។

ចេកអំបូងគឺជាដំណាំកសិកម្មដ៏សំខាន់មួយសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខារប្រមាញ់ និង នេសាទកាលពីថ្មីៗនេះបង្ហាញថា ៧ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញចេកអំបូងស្រស់ប្រមាណ ១៤៣ ៤៨១ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៩៦,៧ លានដុល្លារអាម៉េរិក ដោយនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និង ប្រទេសវៀតណាម។

ប្រទេសចិនគឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកសិផលកម្ពុជា រួមមានអង្ករ ចេក និង មៀន ក្រៅពីនេះក៏មានម្រេច ដូង និង សម្បុកត្រចៀកកាំជាដើម៕

你可能还喜欢

评论被关闭。