កម្ពុជាចេញអនុក្រឹត្យកំណត់បែបបទស្នើសុំ វាយតម្លៃ និង បញ្ចប់គោរមងារឧកញ៉ា
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្តីពី «បែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ានិងការបញ្ចប់គោរមងារឧកញ៉ា» ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ក្នុងនោះក៏មានការកំណត់ចំនួនថវិកាដែលលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ាត្រូវផ្តល់ជូនរដ្ឋផងដែរ។
អនុក្រឹត្យនេះបានលើកឡើងថា ដើម្បីទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា» គោរមវន្តម្នាក់ត្រូវផ្ដល់អំណោយជាថវិកាក្នុងទំហំ ៤ លានដុល្លារអាម៉េរិកចូលទៅក្នុងគណនីធនាគារជាតិឬធនាគារពាណិជ្ជណាមួយដែលគ្រប់គ្រងដោយទីស្ដីការគណៈរដ្ឋមន្ត្រី ចំណែកគោរមងារ «អ្នកឧកញ៉ា» ត្រូវផ្ដល់ជាថវិកាក្នុងទំហំ ១ លានដុល្លារអាម៉េរិក រីឯគោរមងារ «ឧកញ៉ា» ត្រូវផ្ដល់អំណោយជាថវិកាក្នុងទំហំ ៥០ ម៉ឺនដុល្លារអាម៉េរិក។
អនុក្រឹត្យបានលើកឡើងថា គោរមងារឧកញ៉ាត្រូវបានកំណត់ជា ៣ លំដាប់ថ្នាក់៖ លំដាប់ថ្នាក់ខ្ពស់បំផុតឬលំដាប់ថ្នាក់ទី១គឺ «លោកអ្នកឧកញ៉ា» លំដាប់ថ្នាក់ទី២គឺ «អ្នកឧកញ៉ា» និង លំដាប់ថ្នាក់ទី៣គឺ «ឧកញ៉ា»។
នៅក្នុងមាត្រា១៥នៃអនុក្រឹត្យនេះបានចែងថា ការផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ត្រូវផ្ដល់ឱ្យចំពោះគោរមវន្តរូបណាដែលមានអាយុយ៉ាងតិច ៤៥ ឆ្នាំ ហើយធ្លាប់បានទទួលគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច ៥ ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ១៦ ប៊ីលានរៀល (ប្រមាណ ៤ លានដុល្លារអាម៉េរិក) ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
មាត្រា១៦នៃអនុក្រឹត្យបានចែងថា គោរមងារជា «អ្នកឧកញ៉ា» ត្រូវផ្ដល់ឱ្យចំពោះគោរមវន្តទាំងឡាយដែលបានទទួលគោរមងារជា «ឧកញ៉ា» យ៉ាងតិច ៣ ឆ្នាំ និងបានផ្តល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ៤ ប៊ីលានរៀល (ប្រមាណ ១ លានដុល្លារ) ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
មាត្រា១៧នៃអនុក្រឹត្យបានចែងថា ការផ្ដល់គោរមងារជា «ឧកញ៉ា» ត្រូវផ្ដល់ឱ្យរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែររូបណាមានអាយុយ៉ាងតិច ១៨ ឆ្នាំ ដែលបានផ្ដល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ២ ប៊ីលានរៀល (ប្រមាណ៥០ម៉ឺនដុល្លារ) ឡើងទៅឬកសាងសមិទ្ធផលនានាជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិដែលមានតម្លៃសមមូលនឹងទំហំទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារឡើងទៅ។
អនុក្រឹត្យក៏បានកំណត់ថា ទំហំទឹកប្រាក់នៃការផ្តល់អំណោយ តម្លៃសរុបនៃការផ្តល់អំណោយ ឬ ការបរិច្ចាគធនធានទ្រព្យសម្បត្តិដើម្បីយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវមានការទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលឬក្រសួង ស្ថាប័ន ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមាគមកាកបាទក្រហមកម្ពុជាឬមូលនិធិផ្សេងៗសម្រាប់សង្គមជាតិ ដោយមានការបញ្ជាក់តាមរយៈបណ្ណថ្លែងអំណរគុណឬលិខិតលាយលក្ខណ៍អក្សរអំពីទំហំទឹកប្រាក់ជាក់លាក់ និងសមិទ្ធផលជាក់ស្តែងដែលជាកម្មវត្ថុនៃការវាយតម្លៃផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ។
មាត្រា ២៤ នៃអនុក្រឹត្យបានចែងថា ក្រោយពីទទួលបានគោរមងាររួច គោរមវន្តដែលមានគោរមងារជា «លោកអ្នកឧកញ៉ា» ត្រូវបរិច្ចាគថវិកាប្រចាំឆ្នាំចំនួន ១០ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ គោរមវន្តដែលមានគោរមងារជា «អ្នកឧកញ៉ា» ត្រូវបរិច្ចាគថវិកាប្រចាំឆ្នាំចំនួន ១,៥ ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ចំណែកគោរមវន្តដែលមានគោរមងារជា «ឧកញ៉ា» ត្រូវបរិច្ចាគថវិកាប្រចាំឆ្នាំចំនួន ៨ ០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
មាត្រា២៨នៃអនុក្រឹត្យបានចែងថា ក្នុងករណីខកខានមិនបានបង់វិភាគទានប្រចាំឆ្នាំរយៈពេល ៣ ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ នោះគោរមវន្តនឹងត្រូវបានបញ្ចប់គោរមងារតែម្ដង។
ប៉ុន្តែ បើទោះបីជាមិនបានផ្ដល់អំណោយជាទឹកប្រាក់ជូនរដ្ឋក៏ដោយ ក៏រូបវន្តបុគ្គលម្នាក់អាចត្រូវបានផ្ដល់គោរមងារជាឧកញ៉ាបានដែរតាមរយៈគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមរយៈរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ មានជាអាទិ៍ របកគំហើញក្នុងវិស័យឧស្សាហកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ ឬ វិស័យប្រហាក់ប្រហែលឬស្នាដៃពិសេស មានជាអាទិ៍ក្នុងវិស័យសិល្បៈ កីឡា ស្ថាបត្យកម្ម វប្បធម៌ ប្រពៃណី សាសនា ដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ក្នុងនោះមាត្រា២៣នៃអនុក្រឹត្យបានចែងថា របកគំហើញបច្ចេកវិទ្យាថ្មីៗ ឬស្នាដៃពិសេស ដែលជាកម្មវត្ថុនៃការវាយតម្លៃផ្តល់គោរមងារឧកញ៉ា ត្រូវមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិ អន្តរជាតិ ឬតាមរយៈការទទួលបានពានរង្វាន់វិទ្យាសាស្ត្រ នានា។ សម្រាប់គោរមវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ គឺត្រូវបានលើកលែងមិនឱ្យបង់វិភាគទានប្រចាំឆ្នាំឡើយ។
សមាគមឧកញ៉ាកម្ពុជាបានបង្កើតជាផ្លូវការនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ និងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ សមាគមនេះមានសម្តេចអគ្គមហាសេវាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។ គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានឧកញ៉ាសរុបជាង ១ ០០០ នាក់ (រួមមានលោកអ្នកឧកញ៉ានិងអ្នកឧកញ៉ា)៕
评论被关闭。