រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានជ្រើសតាំងជា ប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (AIRAVATA) ជាផ្លូវការកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (AIRAVATA)
ការប្រកាសជ្រើសតាំងប្រធានកិត្តិយសនេះបានធ្វើឡើងក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកា ដើម្បីភ្ជាប់និស្ស័យជាមួយសមាគមឱ្យមានលទ្ធភាពពង្រឹងនិងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្តនិងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស ហើយវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះ។
លោក នេត្រ ភក្រ្តា អំពាវនាវឱ្យមានការចូលរួមជាថវិកានេះ គឺដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី។ ដើម្បីឱ្យសមាគម AIRAVATA បន្តនិរន្តរភាពបានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុងមួយឆ្នាំម្តង សមាគមគួរបង្កើតឱ្យមានជាសមាជិករបស់សមាគមផ្ទាល់តែម្តង ដែលរួមមានសមាជិកកាតមាស សមាជិកកាតប្រាក់ និង សមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំ ដើម្បីការអភិរក្សសត្វដំរីស្រុកឱ្យបានគង់វង្ស។
លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគម AIRAVATA បានលើកឡើងពីប្រវត្តិនៃការស្រឡាញ់និងចិញ្ចឹមសត្វដំរីនៅក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះមានដំរីចំនួន ៤ ក្បាល ឈ្មោល ២ ក្បាល ញី ១ ក្បាល និង កូនដំរីញី ១ ក្បាល ហើយការថែរក្សានិងអភិរក្សសត្វដំរីស្រុកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ៕
评论被关闭。