ម្រោងរោងចក្រដំបូងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់បានបើកការដ្ឋានសាងសង់

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រោងចក្រទី២របស់ក្រុមហ៊ុន Minebea (មីនេបៀ) (ខេមបូឌា) សាខាខេត្តពោធិ៍សាត់និងជារោងចក្រដំបូងគេក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់បានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន មីនេបៀ (Cambodia)

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ និង តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតក៏មានវត្តមាននៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះផងដែរ។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។

លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថានិងវាយតម្លៃខ្ពស់ចំពោះវិនិយោគរបស់ជប៉ុន

លោក ស៊ុន ចាន់ថុល បានសម្តែងការអបអរសាទរជូនដល់ក្រុមហ៊ុនមីនេបៀដែលបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅកម្ពុជា។ លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថា នឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាននិងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ។

បន្ទាប់ពីកម្មវិធីបញ្ចុះបឋមសិលា លោក ស៊ុន ចាន់ថុល និងគណៈធិបតីអមដំណើរបានផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានជាមួយបណ្តាញសារព័ត៌មានធំៗរបស់ជប៉ុននិងសារព័ត៌មានកម្ពុជាជាច្រើនរូប ដោយលោកបានសង្កត់ធ្ងន់លើបរិយាកាសវិនិយោគនៅកម្ពុជានិងការបំពេញបេសកកម្មគោះទ្វារវិនិយោគពីបរទេសផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល ១២ ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣៩១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧,៥ ប៊ីលានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤,១ ម៉ឺនកន្លែង បើធៀបនឹងរយៈពេល ១២ ខែចុងក្រោយនៃនីតិកាលទី៦នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨ គម្រោង ស្មើនឹងប្រមាណ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង ៤,៦៧២ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១%៕

你可能还喜欢

评论被关闭。