ព្រះមហាក្សត្រកម្ពុជា ព្រះនរោត្តម សីហមុនី យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅបារាំង

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស តបតាមការយាងរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនេះ គឺក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និង សហគ្រិនភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ គោលបំណងមួយនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ព្រះមហាក្សត្រកម្ពុជានឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទជាមួយនឹងលោក Emmanuel Macron និងលោកស្រីអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

នៅក្នុងអំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹងលោក Emmanuel Macron ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងបារាំង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអនុប្រធាន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

你可能还喜欢

评论被关闭。