ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាបំបែក កំណត់ត្រាពិភពលោក Guinness

ព្រះរាជាណាចក្រកម្ពុជាបានបំបែកកំណត់ត្រា ពិភពលោកស្តីពី «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» របស់ Guinness ដោយជោគជ័យ។

បន្ទាប់ពីការរាប់ចំនួនរថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្តពីសំណាក់គណៈកម្មការ Guinness World Record កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ទីបំផុតលទ្ធផលបង្ហាញថា Gumball 3000 ដែលមានរថយន្តប្រណីតពីកម្ពុជានិងបណ្តាប្រទេសមួយចំនួនជាច្រើនគ្រឿងចូលរួមនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាបដែរនោះ អាចបំបែកកំណត់ត្រា «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» បានហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារអបអរសាទរលើហ្វេសប៊ុកផ្លូវការរបស់សម្តេច។ សម្តេចបានលើកឡើងថា៖ “សូមចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប / រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally”។

ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា  កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍ Gumball 3000 ដែលទើបតែរៀបចំបានយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣ សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរនិងវប្បធម៌សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ (២) ទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាពនិងជោគជ័យ តាមរយៈការធានាបានូវសុខសុវត្ថិភាពនិងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។

គួររម្លឹកដែរថា ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ មិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ Gumball 3000 Rally លើកទី២៥ ប៉ុណ្ណោះទេ តែធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ជាយុទ្ធនាការសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និង បើកឱកាសឱ្យវិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុកបានជួបគ្នា។ ពិសេស គឺជំរុញកិត្តិនាមរបស់កម្ពុជាឱ្យបន្តល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈសកម្មភាពចូលរួមបំបែកឯតទគ្គកម្មពិភពលោកនៅថ្ងៃនេះ៕

你可能还喜欢

评论被关闭。