IMF៖ ឆ្នាំ២០២៤កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,៥%

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា​ នឹងកើនឡើង៥,៥%នៅឆ្នាំ២០២៤ ដែលការកើនឡើងនេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃការនាំចេញសម្លៀកបំពាក់និងផលិតផល​កសិកម្ម និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

លោក Kenichiro Kashiwase

លោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា បានថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា (១៧-៣០ កញ្ញា ២០២៤) ថា ​ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់និងអចលនទ្រព្យកំពុងឆ្លងកាត់នូវការកែតម្រូវមួយ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សកាលពីឆ្នាំ២០២៣។ កំណើនឥណទានបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលគុណភាពទ្រព្យសកម្មកាន់តែយ៉ាប់យ៉ឺននិងបំណុលក្នុងវិស័យឯកជនឡើងខ្ពស់ ក្នុងត្រីមាសទី១ឆ្នាំ២០២៤ កម្ចីមិនដំណើរការ (NPLs) បានកើនឡើងដល់៦%នៃចំនួនឥណទានសរុប ​ដែលឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះដែលកំពុងលេចឡើងជាមួយនឹង​វិធានដ៏ហ្មត់ចត់ក្រោយកូវីដ-១៩។

លោកបានមានប្រសាសន៍ថា ការកើនឡើង NPLs នៅក្នុងវិស័យទេសចរណ៍និងអចលនទ្រព្យក៏បង្កហានិភ័យដល់កំណើននិងស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ​ផ្ទុយទៅវិញ ការបន្តបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកលនឹងគាំទ្រដល់ការងើបឡើងវិញ។

ដោយឡែក អតិផរណាបានធ្លាក់ចុះមកត្រឹមជាមធ្យម១,៦%នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ ធ្លាក់ចុះពី២,១%ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីនិន្នាការតម្លៃទំនិញសកលនិងកំណើនតម្រូវការក្នុងស្រុកខ្សោយ។ សម្រាប់រយៈពេលពេញមួយឆ្នាំ អតិផរណាត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រហែល ១,៥% មុនពេលឈានដល់និន្នាការរយៈពេលវែង៣%។

កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៥,៥%នៅឆ្នាំ២០២៤

គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជានៅកម្រិត៥,៨%សម្រាប់ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃតម្លៃម្ហូបអាហារនិងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១នៃឆ្នាំ២០២៤។ បើយោងតាមទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី​(ADO) ​ADB ក៏បានកាត់បន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី២%មក០,៥%សម្រាប់ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន៦%សម្រាប់ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。