កម្ពុជាផលិតចង្កឹះឫស្សី គ្មានសារធាតុគីមីផ្តល់នូវ សុវត្ថិភាពដល់អ្នកប្រើប្រាស់
កម្ពុជាបានផលិតចង្កឹះឫស្សីដែលគ្មានសារធាតុគីមី ប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់។
សិប្បកម្មផលិតចង្កឹះឫស្សី ដែលគ្មានសារធាតុគីមីនេះគឺជាស្នាដៃកូនខ្មែរដោយផ្ទាល់មួយដែលមានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះ។
ចង្កឹះឫស្សីដែលជាស្នាដៃកូនខ្មែរ
លោក ហ័រ ដាណា អាយុ ៤២ ឆ្នាំ ជាប្រធានសិប្បកម្មចង្កឹះឫស្សីខ្មែរបានប្រាប់អ្នកសារព័ត៌មានថា សិប្បកម្មផលិតចង្កឹះឫស្សីរបស់លោកបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយទាក់ទងនឹងសង្វាក់ផលិតកម្មនាពេលបច្ចុប្បន្ន ការផលិតនៅមានកម្រិតនៅឡើយ ពោលគឺ ១ ខែអាចផលិតបានចង្កឹះឫស្សីប្រមាណជិត ១ ០០០ បេ តែប៉ុណ្ណោះ ដែលចំនួននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយ។
លោកបានឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ផលិតផលចង្កឹះឫស្សីកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ពិសេសនៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញនិងនៅតាមតូបលក់អីវ៉ាន់ចាប់ហួយតាមបណ្ដាខេត្តមួយចំនួនផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺ ខណៈដែលទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នកំពុងមានតម្រូវការចង្កឹះឫស្សីខ្លាំង សិប្បកម្មរបស់លោកបែរជាពុំមានលទ្ធភាពផលិតចង្កឹះតាមតម្រូវការទីផ្សារ ដោយសារសិប្បកម្មរបស់លោកផ្ទាល់មានបុគ្គលិកបម្រើការត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ម្យ៉ាងទៀតក៏នៅខ្វះខាតថវិកាសម្រាប់ពង្រីកសិប្បកម្មឱ្យបានធំជាងនេះផងដែរ។
ចង្កឹះឫស្សីដែលជាស្នាដៃកូនខ្មែរ
លោក ហ័រ ដាណា សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនិងដៃគូសហការទាំងអស់បន្តគាំទ្រសិប្បកម្មផលិតចង្កឹះឫស្សីនេះ ដើម្បីធ្វើយ៉ាងណាអាចពង្រីកសិប្បកម្មចង្កឹះខ្មែរនេះឱ្យបានកាន់តែធំនិងបង្កើនបរិមាណផលិតកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងកាត់បន្ថយការនាំចូលពីបរទេស៕
评论被关闭。