សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខស្តីទីកម្ពុជាបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ប្រចាំកម្ពុជានៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន និងលោក Jang Yun Gon
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនិងខួបលើកទី៦០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។
លោក Jang Yun Gon បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិងកម្ពុជាអស់រយៈពេល ៦០ ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺលោក គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ សីហនុ។
លោកបានបន្តថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនិងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូននិងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។
លោកបានមានប្រសាសន៍បន្ថែមថា អស់រយៈពេល ១ ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោកសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្តដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និង គោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កានិងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និង ការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។
សម្តេចតេជោបានអរគុណលោកឯកអគ្គរដ្ឋទូតដែលបានអបអរសាទរសម្តេចដែលជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបានយកចិត្តទុកដាក់ កោតសរសើររាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន ដែលពួកគេត្រូវការពេលមកដល់ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស ហើយការដឹកនាំប្រទេសអស់រយៈពេល ១ ឆ្នាំកន្លងមក រាជរដ្ឋាភិបាលថ្មីនេះពិតជាទទួលបានលទ្ធផលលើសពីការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និង កំណើននៃការនាំចេញបានកើនឡើងដល់២០%។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងជើង សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានស្នើសុំឱ្យលោកឯកអគ្គរដ្ឋទូតមានការយោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយសារកម្ពុជាជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក Jang Yun Gon
សម្តេចតេជោក៏បានលើកឡើងថា កូរ៉េខាងជើងគប្បីប្រើវេទិកាអាស៊ានដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាននិងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ កម្ពុជាយល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែសូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភដល់ប្រទេសក្នុងតំបន់និងអាស៊ាន៕
សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញនិងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ (កូរ៉េខាងជើងនិងកូរ៉េខាងត្បូង) ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញនិងជៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចបានបន្ថែមថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ៕
评论被关闭。