សម្តេចតេជោ ហ៊ុន សែន៖ ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាបានថ្លែងថា ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម ជាខ្មែរតែមួយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច ខណៈដែលព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងតែត្រៀមការងារដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម ដែលអង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមថា “អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ”។

សម្តេចតេជោបានបញ្ជាក់ថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា “អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ” ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បើសិនបងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈចង់ទៅលេងបុណ្យកឋិនទាននេះគឺអាចចូលរួមបាន ប៉ុន្តែត្រូវបំពេញបែបបទតាមនីតិវិធីច្បាប់ឆ្លងប្រទេស ព្រោះនេះជាកឋិនឆ្លងដែនប្រទេស។

សម្តេចបានគូសបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និង ស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ នៅវិមាន ៧ មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយមានវត្តមានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលរួមដោយផ្ទាល់។ អង្គកឋិនទាននេះនឹងហែទៅដល់គោលដៅនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រួមជាមួយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។

គួររម្លឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយមានសម្តេច ម៉ែន សំអន ជាប្រធាន ដើម្បីដឹកនាំ ចាត់តាំង និង រៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីនិងទំនៀមទម្លាប់ព្រះពុទ្ធសាសនា៕

你可能还喜欢

评论被关闭。