កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

ព្រះរាជាណាចក្រកម្ពុជា​ និង​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​បានវាយតម្លៃខ្ពស់​ ដោយពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​ប្រទេស​ទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ

ការលើកឡើងបែបនេះ​គឺធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក សនសៃ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រីឡាវ​នាល្ងាចថ្ងៃទី៨ ​ខែតុលា ​ឆ្នាំ២០២៤​ក្នុងឱកាស​នៃការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤​និង​៤៥ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ពីថ្ងៃទី៩​ ដល់ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៤​ នៅរដ្ឋធានី​វៀងចន្ទន៍​ ប្រទេសឡាវ។

លោក សនសៃ ស៊ីផាន់ដន ​បានកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាននូវ​សមិទ្ធផល​ជាច្រើន​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ដែលបានកែលម្អ​កាន់តែប្រសើរឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​ ជាមួយនឹង​ការលើកតម្កើង​កិត្យានុភាព​កម្ពុជា​នៅលើឆាកតំបន់​និង​អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​ពីការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ប្រទេសឡាវ​ក្នុងនាមជាប្រធាន​អាស៊ាន​ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ឡាវបានសម្ដែង​នូវ​ការពេញចិត្ត​និង​វាយតម្លៃខ្ពស់​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ដែលត្រូវបានពង្រឹង​និង​ពង្រីក​លើគ្រប់វិស័យ ជាពិសេស​បន្ទាប់ពីបានដំឡើង​កម្រិត​ទំនាក់ទំនង​ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ក៏បានពិភាក្សា​ផងដែរ​អំពី​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សក្ដានុពល​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ​ រួមមាន​វិស័យនយោបាយ​ ការពារជាតិ​​និង​​សន្ដិសុខ ពាណិជ្ជកម្ម​និង​វិនិយោគ ​ទេសចរណ៍ ​ហិរញ្ញវត្ថុ ​ថាមពល ​អប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ប្រទេស​ទាំងពីរ។

ជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី៨ ​ខែតុលា ​ឆ្នាំ២០២៤ បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤​និង​៤៥ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​ឡាវ។

កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤និង៤៥ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ធ្វើឡើង​ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និង ភាពធន់» នឹងផ្តោតទៅលើ​ការជំរុញបន្ថែមទៀត​នូវ​វឌ្ឍនភាព​នៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់​ការសម្រេចបាន​នូវ​ចក្ខុវិស័យសហគមន៍​អាស៊ាន​ឆ្នាំ២០២៥ និងការលើកកម្ពស់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​តាមរយៈ​យន្តការនានា​ដែលដឹកនាំដោយអាស៊ាន​ក្នុងគោលដៅ​លើកកម្ពស់​ការតភ្ជាប់​និង​ភាពធន់​នៅក្នុងតំបន់​និងក្រៅតំបន់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​និងដែលកំពុង​កើតមាន​ប្រកបដោយ​ប្រសិទ្ធភាព។

តាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​បានឱ្យដឹងថា ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន សម្ដេចធិបតី​នឹងអញ្ជើញចូលរួម​ក្នុងជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​នៃមហាសន្និបាត​អន្តរសភាអាស៊ាន​ (AIPA) ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយតំណាង​នៃក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន​ (ASEAN-BAC) ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​នៃយុវជន​អាស៊ាន​និង​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​នៃសហគមន៍​បំភាយ​ឧស្ម័នសូន្យ​អាស៊ី (AZEC) លើកទី២។ ក្រៅពី​កិច្ចប្រជុំ​ខាងលើ សម្ដេចធិបតី​គ្រោងនឹង​មានជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន​និងពិភពលោក​មួយចំនួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត និងទទួល​ជំនួប​សម្តែង​ការគួរសម​ដោយអង្គការ / ស្ថាប័ន​មួយចំនួន។

ក្នុងអំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាននេះ​ សម្តេចធិបតី​នឹងថ្លែងសុន្ទរកថាគន្លឹះ​ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច​និងវិនិយោគ​អាស៊ាន​ឆ្នាំ២០២៤​ផងដែរ។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ​នឹងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើមាតុភូមិនិវត្តន៍វិញ​នៅល្ងាចថ្ងៃទី១១ ​ខែតុលា ​ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。