ខ្ចីងាយ តែហានិភ័យខ្ពស់! ធនាគារជាតិអំពាវនាវពលរដ្ឋ កុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការ

លោកស្រីបណ្ឌិត​ ជា សិរី ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើការអំពាវនាវដល់​ប្រជាពលរដ្ឋ​គួរជ្រើសរើស​ការខ្ចីប្រាក់​តាមប្រព័ន្ធ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ពីអាជ្ញាធរ កុំខ្ចីប្រាក់​ពីឥណទាន​ក្រៅផ្លូវការ​ដែលអាច​នាំឱ្យ​ខាតបង់​ប្រាក់​ឥតប្រយោជន៍​និងប្រឈមនឹង​ហានិភ័យ​ខ្ពស់។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

លោកស្រី ជា សិរី បានថ្លែងបែបនេះ​នៅក្នុងសន្និសីទសារព័ត៌មាន​មួយកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នៅសណ្ឋាគារហាយ៉ាត រាជធានីភ្នំពេញ។

លោកស្រី​បានមានប្រសាសន៍ថា ថ្មីៗនេះ​មានការសន្យាថា​ដាក់លុយ​ជាមួយគេ​ទទួលបានការប្រាក់ខ្ពស់ ដូចជាតាម​តិកតុក គ្រុបតេឡេក្រាម ហ្វេសប៊ុក ឥណទាន​ដែលមិនមានទីតាំង​ច្បាស់លាស់​ពិសេស​ឥណទាន​បិទតាម​ដើមឈើ​ដែលជាឥណទាន​ក្រៅផ្លូវការ​ ដូចដាក់ ៣០០ ដុល្លារអាម៉េរិកទទួលបាន​ការប្រាក់រហូតដល់ ១ ៨០០ ដុល្លារ​ក្នុងរយៈពេល ២៤ ម៉ោង។ ៥០០ ដុល្លារទទួលបានការប្រាក់ ៣ ៥០០ ដុល្លារបន្ទាប់ពី ២៤ ម៉ោង​ដូចគ្នា ដោយមានកញ្ចប់​វីអាយភី (VIP) នៅខែធ្នូ​ខាងមុខនេះ។ បើសិនជា​ទទួលបានកាប្រាក់​ច្រើនបែបនេះ​ មិនចាំបាច់​ទៅធ្វើការ​និងរកស៊ី​អ្វីទេ​ គ្រាន់តែ​យកលុយ​ទៅដាក់ទៅ​ទទួលបានប្រាក់ហើយ។

លោកស្រី​បានបន្តថា ការខ្ចីប្រាក់​ពីប្រព័ន្ធ​ក្រៅផ្លូវការ​បែបនេះមាន​ភាពងាយស្រួល ដោយខ្ចីភ្លាម​គេទម្លាក់លុយ​ឱ្យភ្លាម ប៉ុន្តែ​ពេលមាន​បញ្ហា​ជួយអត់បាន នេះហើយជាបញ្ហា បើទោះបី​ឱ្យធនាគារជាតិ​ជួយ ក៏មិនដឹងជួយតាមវិធីណា ព្រោះមិនដឹង​ទៅរកនៅឯណា។ ដូច្នេះ​ សូមប្រជាពលរដ្ឋ​ប្រុងប្រយ័ត្នព្រោះក្នុងរយៈពេលនេះ​មានជនឆ្លៀតឱកាស​ច្រើននៅពេលដែលគាត់ទៅខ្ចីធនាគារអត់បាន គាត់ងាកទៅខ្ចីក្រៅប្រព័ន្ធវិញ។ សូមយល់ថា ធនាគារ​ឬគ្រឹះស្ថានហិរញ្ញវត្ថុ​កាលណា​គេមិនឱ្យ​យើងខ្ចី នោះគឺដោយសារ​គេមើលឃើញថា​យើងមិនមាន​លទ្ធភាព​សងត្រឡប់វិញ​ទេ។

ការខ្ចីឥណទានតាមប្រព័ន្ធក្រៅផ្លូវការ ខ្ចីងាយតែប្រឈមនឹងហានិភ័យខ្ពស់

លោកស្រី ជា សិរី បានបញ្ជាក់​បន្ថែមថា អ្នកផ្តល់កម្ចី​ស្របច្បាប់​មិនយកអត្តសញ្ញាណបណ្ណឬបណ្ណក្រីក្រ ឬ សំបុត្រកំណើតកូន សៀវភៅគ្រួសារយើង ធ្វើជាវត្ថុបញ្ចាំ​ដូចពួកអ្នកកម្ចីក្រៅប្រព័ន្ធនោះទេ។ ធនាគារជាតិ​បានហាមមិនឱ្យ​គ្រឹះស្ថានហិរញ្ញវត្ថុ​និងធនាគារយកវត្ថុទាំងនេះជាវត្ថុប្រចាំឡើយ។

លោកស្រី​បានណែនាំ​ដល់ប្រជាពលរដ្ឋថា គួរខ្ចីប្រាក់តាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណ​ត្រឹមត្រូវ​និងស្របច្បាប់​ពីធនាគារជាតិកម្ពុជា​ ដោយយើងមានបង្ហោះ​នូវបញ្ជីឈ្មោះធនាគារ​និងគ្រឹះស្ថានហិរញ្ញវត្ថុ​ដែលមានអាជ្ញាបណ្ណ ហើយយើងតម្រូវឱ្យ​សាខាធនាគារ​ឬគ្រឹះស្ថានហិរញ្ញវត្ថុ​ទាំងនោះ​ដាក់ផ្លាកអាជ្ញាបណ្ណ​ ហើយបើសិនជា​បងប្អូន​ចូលទៅអត់ឃើញអាជ្ញាបណ្ណ​ទេ មានន័យថា​មិនត្រឹមត្រូវទេ ហើយបើមិនច្បាស់​ទេអាចសាកសួរ​មកកាន់ធនាគារជាតិ​តាមរយៈ​លេខទូរសព្ទ​ដែលបានដាក់នៅក្នុងផេកធនាគារជាតិ​និងតាមសមាគមធនាគារ​និងសមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ៕

你可能还喜欢

评论被关闭。