៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ៧,៦ ប៊ីលានដុល្លារ ពីការនាំចេញទំនិញទៅកាន់អាម៉េរិក

របាយការណ៍អគ្គនាយក​ដ្ឋា​ន​គយនិង​រដ្ឋាករ​កម្ពុជា ​(GDCE) បានបង្ហាញថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល​ជាង ៧,៦​ ប៊ី​លាន​ដុល្លារអាម៉េរិក​ពី​ការនាំចេញ​ទំនិញ​ទៅ​កាន់ទីផ្សារ​អាម៉េរិក​។ អាម៉េរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា គឺ​ចំនួន​ជិត ១ ភាគ ៣ ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់កម្ពុជា។

ចាប់ពី​ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជានិង​អាម៉េរិកមាន​ចំនួន​សរុប ៧,៨​ ប៊ី​លាន​ដុល្លារ កើនជាង១០%​បើ​ធៀប​នឹងរយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣ ដែលមានជាង ​៧ ​ប៊ី​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាម៉េរិកចំនួន ៧,៦​ ប៊ី​លាន​ដុល្លារ កើនឡើង១០,៣%ចំណែក​ទំនិញ​អាម៉េរិក​នាំមក​កម្ពុជា​ចំនួន ១៩៣ ​លាន​ដុល្លារ កើនឡើង៦,៧%។​

​​បើតាមលោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជាបានឱ្យដឹងថា សម្ទុះ​ការ​​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​បណ្តា​ប្រ​ទេស​តំបន់​អឺរ៉ុប អាម៉េរិក និង កាណាដា​បាន​ងើប​ឡើងវិញ​ចាប់តាំងពីដើមឆ្នាំ២០២៤។ ​អាម៉េ​​រិ​កគឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាងគេ​របស់​កម្ពុជា ដែល​ភាគច្រើន​ជា​ផលិត​ផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ កសិផល​មួយចំនួន​។

សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​លើកឡើង​ថា ទោះបី​ពេលនេះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ល្អ​ដូច​មុនពេល​មាន​វិបត្តិ​​កូ​វីដ-១៩ ប៉ុន្តែ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាម៉េរិកគឺ​បង្ហាញ​ភាព​វិជ្ជមាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​២០២៣​។ ​ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​ផលិតផល​វា​យ​ន​ភណ្ឌ​នៅ​អាម៉េរិក ព្រមទាំង​ការកើនឡើង​សមត្ថ​ភាព​ផលិតកម្ម​នៅ​កម្ពុជា​ នឹង​ជួយឱ្យ​កម្ពុជា​មានឱកាស​ទទួល​ប្រាក់ចំណូល​កាន់តែច្រើន​ពី​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​។

​​របាយការណ៍ ​GDCE បានបង្ហាញផងដែរថា នៅក្នុងរយៈពេល ៩ ខែនៃដើមឆ្នាំ២០២៤ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ប៊ីលានដុល្លារពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង១៧%បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ប៊ី​លានដុល្លារ ចំណែកការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ប៊ីលានដុល្លារ កើនឡើង១៥,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。