សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យគ្រប់គ្រងចំពោះការប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់បញ្ជាឱ្យក្រសួងការពារជាតិធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវចំពោះផ្លាកលេខ «ខេមរភូមិន្ទ» (ខ.ម.) មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជានេះនាឱកាសជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

សម្តេចធិបតីបានលើកឡើងថា ជារឿយៗឃើញថាផ្លាកលេខរថយន្ត «ខេមរភូមិន្ទ» ត្រូវបានបុគ្គលមួយចំនួនប្រើប្រាស់ខុសគោលដៅ រហូតមានទាំងជនបរទេសក៏បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «ខេមរភូមិន្ទ» នេះដែរ ហើយថែមទាំងបានបង្កឱ្យមានបាតុភាពមួយចំនួននៅក្នុងសង្គម ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ​ ការបើកបរមិនសមរម្យឬមិនគោរពច្បាប់ចរាចរណ៍ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាដើម ជាពិសេសគឺប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។

សម្តេចធិបតីបានណែនាំឱ្យក្រសួងការពារជាតិ ត្រូវតែត្រួតពិនិត្យឱ្យច្បាស់លាស់ ត្រឹមត្រូវ និង ស្របតាមបទប្បញ្ញត្តិ មុននឹងអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» ហើយការប្រើប្រាស់ផ្លាកលេខនេះត្រូវប្រើឱ្យចំទិសដៅ ពោលគឺមានតែនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» នេះ។ ក្រសួងការពារជាតិត្រូវតែបន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ទៅលើកិច្ចការគ្រប់គ្រងផ្លាកលេខនេះ។

គួររម្លឹកថា តាមរយៈសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិបានទទួលស្គាល់នូវភាពមិនប្រក្រតីជាអន្លើៗមួយចំនួនដែលកើតឡើងចំពោះបុគ្គលអ្នកប្រើប្រាស់ផ្លាកលេខ «ខេមរភូមិន្ទ» ដោយមានបាតុភាពមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃមិនល្អនិងទទួលការរិះគន់ពីសាធារណជន ពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គលជាអ្នកប្រើប្រាស់យានយន្តពាក់ផ្លាក​លេខ​ «ខេមរភូមិន្ទ»​ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយពីច្បាប់កំណត់៕

你可能还喜欢

评论被关闭。