សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលនិងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាជាង ៤៧០០ នាក់

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួបសំណេះសំណាល ​និងបំពាក់កន្សែង​យុវជន​កាកបាទក្រហមកម្ពុជាចំនួន ៤ ៧៤២ នាក់​មកពីគ្រឹះស្ថាន​ឧត្តមសិក្សា​ ២៥ ក្នុងរាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតី ហ៊ុន ម៉ាណែត បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា

សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា​និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា​ក៏មានវត្តមានក្នុងពិធីនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជាសមាជិក​កាកបាទក្រហមកម្ពុជា​ត្រូវមាន​ស្មារតី​ស្នេហាជាតិ ​និង​ទទួលខុសត្រូវ​ចំពោះ​បេសកកម្ម​របស់ខ្លួន ក្នុងការចូលរួម​ជួយប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយគ្មានការរើសអើង។

សម្តេចធិបតី​បានលើកឡើងថា ការចូលរួម​ជាមួយកាកបាទក្រហម​កម្ពុជា គឺត្រូវមានផ្នត់គំនិត ​និង​បេះដូង​ក្នុងការជួយ​ជំរុញ និងអនុវត្ត​ការងារ​មនុស្សធម៌​នេះឱ្យបានជាប់ជាប្រចាំ ហើយត្រូវមាន​ស្មារតី​ស្នេហាជាតិ​ និងជាតិនិយម​ ប៉ុន្តែមិនជ្រុលនិយមពេក ដែលនាំឱ្យខ្មែរ​បែកបាក់ ហើយត្រូវមាន​គំនិត​វិជ្ជមាន​ និងគិតគូរ​ឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវរួមគ្នា​ពង្រឹងខ្លួនឯង កសាង និង អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួនឯង ដើម្បីចូលរួម​ថែរក្សា​សាមគ្គី​ឯកភាពជាតិ កុំឱ្យបាត់បង់​ទឹកដី កុំឱ្យបាត់បង់​វប្បធម៌និង​សិល្បៈ ដោយត្រូវរួមគ្នា​ផ្សព្វផ្សាយ​ និងគាំទ្រ​នូវសម្បត្តិវប្បធម៌ជាតិ​ដែលកំពុងមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជាអ្នកស្ម័គ្រចិត្ត​វ័យក្មេងនិងជាសមាសភាគ​មួយនៃបណ្ដាញ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​និង​អឌ្ឍចន្ទក្រហម​នៅទូទាំងសកលលោក​ និងជាកម្លាំង​សកម្ម​ជួរមុខ​ក្នុងប្រតិបត្តិការ​មនុស្សធម៌​នៅក្នុងគ្រប់កាលៈទេសៈ៕

你可能还喜欢

评论被关闭。