លោក ហេង សួរ ជួបពិភាក្សាការងារជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនានានៅកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា-ចិនក៏មានកិច្ចសហការសម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅក្នុងខេត្តព្រះសីហនុ។
លោក វ៉ាង វិនពីន មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រជាជនកម្ពុជា នឹងបង្កើតកម្លាំងពលកម្មជំនាញសម្រាប់បំពេញតម្រូវការរបស់រោងចក្រ និងក្រុមហ៊ុនរបស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាមានច្រើន ដូចជាវិស័យកាត់ដេរ ឧស្សាហកម្មកែច្នៃ រោងចក្រផលិតសម្បកកង់កៅស៊ូជាដើម។
លោក វ៉ាង វិនពីន ក៏បានលើកជាសំណើចំនួន២៖ ទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា។ ទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់ជាមួយក្រសួងនៃប្រទេសចិន ផងដែរ។
ជំនួបទ្វេភាគីរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ជាការឆ្លើយតប លោក ហេង សួរ បានបង្ហាញការគាំទ្រ និងគូសបញ្ជាក់ថា ក្រសួងនឹងពិនិត្យទៅលើការរៀបចំទៅតាមសំណើរបស់លោក វ៉ាង វិនពីន។
លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលជាដៃគូដ៏សំខាន់ក្នុងការបន្តការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ អគារខ្ពស់ៗ ថាមពលអគ្គិសនី ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សាបន្តនៅប្រទេសចិន ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ដែលបង្កើតការងារជាច្រើនសម្រាប់កម្ពុជា។
លោក ហេង សួរ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំពារដល់វិនិយោគិនចិន ក៏ដូចជាប្រជាជនចិនដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជានិងប្រជាជនចិនមានទំនាក់ទំនងល្អនិងទទួលបានផលប្រយោជន៍ រវាងគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីតាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស៕
评论被关闭。