នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីឥណ្ឌូណេស៊ី

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បានចូលរួម​កិច្ចប្រជុំពេញអង្គ​នៃ​សភាប្រឹក្សា​ប្រជាជន​ និងពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី លោក Prabowo Subianto និង​អនុប្រធានាធិបតី​ថ្មី លោក Gibran Rakabuming Raka នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ នៅរដ្ឋធានីហ្សាការតា។

កិច្ចប្រជុំពេញអង្គ​នៃ​សភាប្រឹក្សា​ប្រជាជន​និងពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី​

ក្នុងអំឡុងពេលស្នាក់នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីល្ងាច​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានជួប​ពិភាក្សា​ការងារ​ជាមួយលោក Mohd Jusuf Kalla អតីត​អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​ និងជាប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយមកណ្តាល​អាស៊ីប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) ដោយភាគី​ទាំងពីរ​បានបង្ហាញនូវ​សុទិដ្ឋិនិយម​ចំពោះ​វឌ្ឍនភាព​នៃទំនាក់ទំនង ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា-ឥណ្ឌូណេស៊ី។

ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោក Mohd Jusuf Kalla អតីត​អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​

ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ជួបសំណេះសំណាល​ក្រៅផ្លូវការ​ជាមួយ​លោក Joko Widodo អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅរដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ីផងដែរ។

ជំនួប​ក្រៅផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត ​ជាមួយ​លោក Joko Widodo (រូបលើ) អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និងលោក Anwar Ibrahim (រូបក្រោម) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី

សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពីរសៀល​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មីនិងអនុប្រធានាធិបតី​ថ្មីនៃ​ប្រទេស​ឥណ្ឌូណេស៊ី។

សម្តេចធិបតី​នឹងដឹកនាំ​គណៈប្រតិភូ​ធ្វើមាតុភូមិនិវត្តន៍​ពីឥណ្ឌូណេស៊ី​មក​កម្ពុជា​វិញនៅរសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ៕

你可能还喜欢

评论被关闭。