សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរលោក Prabowo Subianto ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរចំពោះលោក Prabowo Subianto ដែលបានទទួលតំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
តាមរយៈសារលិខិតអបអរសាទរចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមានសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក Prabowo Subianto នាឱកាសនៃពិធីចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីនាថ្ងៃនេះ។
សម្តេចតេជោបន្ថែមថា សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា លោក Prabowo Subianto នឹងបំពេញតួនាទីថ្មីនេះប្រកបដោយស័ក្តិសិទ្ធភាព ដោយសារសមត្ថភាពដឹកនាំនិងបទពិសោធន៍ក្នុងវិស័យសាធារណៈដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រទេសជាតិ និងប្រជាជនកាន់តែប្រសើរឡើង បន្ថែមពីលើការគាំទ្រពីសំណាក់ប្រជាជន។
លោក Prabowo Subianto ប្រធានាធិបតីថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី
សម្តេចក៏ជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតីណ្ឌូណេស៊ី លោក Prabowo Subianto នឹង បន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។
ក្នុងនោះ សម្តេចតេជោក៏បានលើកឡើងដែរថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Prabowo Subianto រដ្ឋបាលរបស់លោក និង ក្រុមប្រឹក្សាតំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) របស់ឥណ្ឌូណេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសភារបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីររបស់យើង។
លោក Prabowo Subianto ប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៊ីស្បថចូលកាន់តំណែង នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីស្បថចូលកាន់តំណែងនេះផងដែរ៕
评论被关闭。