ហួត ហាក់៖ ក្រុមហ៊ុនទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំកញ្ចប់ដំណើរទស្សនកិច្ចមកកម្ពុជា
ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនសហគ្រាសទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំកញ្ចប់ទស្សនកិច្ចមកកម្ពុជា ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជា យ៉ាងហើចណាស់ឱ្យបាន ១ លាននាក់ក្នុងមួយឆ្នាំ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា
ក្នុងខណៈពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញអន្តរជាតិលើក ទី១៣ និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងបណ្តាក្រុមហ៊ុនទេសចរណ៍ចិននៅទីក្រុងជឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan) ប្រទេសចិន។
ក្នុងឱកាសនៃជំនួបនេះ លោក ហួត ហាក់ បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាកម្ពុជា។
តំណាងក្រុមហ៊ុនទេសចរណ៍ទាំង ២២ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារលំដាប់ខ្ពស់ បានឯកភាពគ្នាជាឯកច្ឆន្ទថា នឹងរៀបចំដំណើរទស្សនកិច្ចស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេសពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជា យ៉ាងហោចណាស់ឱ្យបាន ១ លាននាក់ក្នុងមួយឆ្នាំ។
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងតំណាងក្រុមហ៊ុនទេសចរណ៍ចិនទាំង២២
វិស័យទេសចរណ៍កម្ពុជាបាន និងកំពុងតែចាប់ផ្តើមប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ វិបត្តិហិរញ្ញវត្ថុសកល និង បញ្ហាសង្គ្រាមនៅលើពិភពលោក។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង២២,៥%បើធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់នេះ ភ្ញៀវទេសចរថៃឈរនៅលំដាប់លេខរៀងទី១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើនឡើង១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ នាក់ កើនឡើង៣៥,៣% ចិនចំនួន ៥៣៨ ៨៣៤ នាក់ កើនឡើង៤៧,៧% ឡាវចំនួន ២៤២ ១០៤ នាក់ កើនឡើង១៣,៧% និង អាម៉េរិកចំនួន ១៤០ ៨៥៧ នាក់ កើនឡើង១៧,៧%៕
评论被关闭。