សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរលោក លឿង គឿង ជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរលោក លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានអបអរសាទរចំពោះលោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយ រដ្ឋសភាវៀតណាម។
សម្តេចតេជោមានប្រសាសន៍ថា ជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើម នៅថ្នាក់ជាតិ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់លោកចំពោះជាតិមាតុភូមិ និងប្រជាជន។
សម្តេចបានបញ្ជាក់ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តចម្រើនលូតលាស់ និងក្លាយជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងក្លាយជាប្រទេសប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយសារការចូលរួមចំណែករបស់ឯកឧត្តមមួយភាគធំ។ លើសពីនេះ សាមគ្គីភាព ទំនាក់ទង និង កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ ផ្អែកលើការគោរពគ្នា ទំនុកចិត្តគ្នា និង ការប្តេជ្ញាចិត្តទៅវិញទៅមក រវាងប្រទេសយើងទាំងពីរ ក្នុងនាមជាបងប្អូនល្អ អ្នកជិតខាងល្អ និង ដៃគូល្អ នឹងត្រូវបានបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។”
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក លឿង គឿង រដ្ឋសភា និង គណបក្សកុម្មុយនីស្តវៀតណាម (CPV) ដើម្បីជំរុញឧត្តមប្រយោជន៍របស់ប្រជាជន និងប្រទេសយើងទាំងពីរ និងដើម្បីរួមចំណែកបន្ថែមទៀតដល់សន្តិភាព សន្តិសុខ និង វិបុលភាពទាំងក្នុង និងក្រៅតំបន់៕
评论被关闭。