ក្រសួងមហាផ្ទៃកម្ពុជាបន្តពង្រឹងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា បានណែនាំ​ឱ្យក្រុមការងារ​ប្រឆាំង​ការសម្អាតប្រាក់​ របស់​ក្រសួង​មហាផ្ទៃ​ បន្ត​រក្សា​ស្ថានភាព​ឱ្យបាន​ល្អ និងរិះរក​វិធីសាស្រ្ត​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ពង្រឹង​និងលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការសម្អាតប្រាក់នៅកម្ពុជា ខណៈ​កម្ពុជា​ត្រូវបាន​ដកចេញ​ពីបញ្ជី​ប្រផេះ​ពាក់​ព័ន្ធ​ នឹងការសម្អាតប្រាក់។

លោក ស សុខា ណែនាំបន្តពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នៅកម្ពុជា

លោក ស សុខា បានលើកឡើង​បែបនេះ​នាឱកាស​ចូលរួម​ជាអធិបតី​ ក្នុងពិធី​ប្រកាស​សេចក្តី​សម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ត្រួតពិនិត្យ​ឡើងវិញ (RPG) និងស្តាប់​របាយការណ៍​ពីវឌ្ឍនភាព​ការងារ​ និងលទ្ធផល​ការងារ​ស្តីពី​ការប្រឆាំង​ការសម្អាតប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

លោក​បានណែនាំ​ឱ្យថ្នាក់ដឹកនាំ​ក្រុមការងារ​ បន្ត​រួមគ្នា​ថែរក្សា​ស្ថានភាព​ល្អ នៃការងារ​ប្រយុទ្ធ​ប្រឆាំង​ការសម្អាតប្រាក់​នៅ​កម្ពុជា ខិតខំ​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​ និង​រិះរក​វិធីសាស្រ្ត​ថ្មីៗ​បន្ថែមទៀត ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការសម្អាតប្រាក់ ​ដែលកាន់តែ​មានភាព​ស្មុគស្មាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក ស សុខា បានឱ្យដឹងថា កម្ពុជា​ធ្លាប់ត្រូវបាន​​អង្គការ​ឃ្លាំ​មើល​ការលាងលុយ ​និងឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (FATF) ដាក់ឱ្យ​ស្ថិតក្នុង​បញ្ជីប្រផេះ ​​នៃក្រុមប្រទេស​ដែលមាន​ហានិភ័យ​ខាងលាងលុយ​កខ្វក់​​អស់រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា ចាប់តាំង​ពីឆ្នាំ២០១៩ មក។ រហូតដល់​ខែកុម្ភៈ ឆ្នាំ២០២៣ ទើបអង្គការ​ FATF ប្រកាស​ដកប្រទេស​កម្ពុជា​ចេញពី​បញ្ជីប្រផេះ​ នៃក្រុមប្រទេស​ដែលមាន​ហានិភ័យ​ខាងលាងលុយកខ្វក់​។

បើទោះបីជា​កម្ពុជា​ត្រូវបាន​ដកចេញ​ពីបញ្ជីប្រផេះ​ក៏ដោយ ក៏លោក ស សុខា នៅតែ​ជំរុញ​ឱ្យក្រុមការងារ​ប្រឆាំង​ការសម្អាតប្រាក់​នៃក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័នជាតិ​និងអន្តរជាតិ​ ដើម្បីផ្លាស់ប្ដូរ​បទពិសោធន៍​និងព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹងវិធីសាស្រ្ត​ថ្មីៗ​ក្នុងការ​ស្រាវជ្រាវ​និងស៊ើបអង្កេត។

សូមរម្លឹកថា សមាសភាព​ RPG សម្រាប់​សហការ​ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​មានចំនួន ១៧ រូប ក្នុងនោះ​នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជាប្រធាន អមដោយ​អនុប្រធាន​ចំនួន ៨ រូប និងមាន​លេខាធិការដ្ឋាន​ជាសេនាធិការ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា៕

你可能还喜欢

评论被关闭。