សន្ដិភាពនិងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ជាបុរេលក្ខខណ្ឌដែលក្រុមហ៊ុន Huawei សម្រេចចិត្តវិនិយោគនៅកម្ពុជា

ប្រធាន​ក្រុមហ៊ុន​ Huawei ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក លីន ប៉ាយហ្វឹង (Lin Baifeng) បានថ្លែងថា សន្ដិភាព​និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយភាពធន់​ គឺជា​បុរេលក្ខខណ្ឌ​នៃការសម្រេចចិត្ត​វិនិយោគ​របស់​ក្រុមហ៊ុន​នៅកម្ពុជា ដែលគិតមកដល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ។

លោក លីន ប៉ាយហ្វឹង បានថ្លែង​បែបនេះនាឱកាស​ចូលជួប​សម្តែងការគួរសម​ និងពិភាក្សា​ការងារ​ជាមួយ​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នាព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

លោក លីន ប៉ាយហ្វឹង បានលើកឡើងថា កម្ពុជា​ជាប្រទេស​មួយដែលមាន​សុខសន្តិភាព​ពេញលេញ​បរិបូរណ៍ រក្សាបាន​នូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ធានា​បាននូវកំណើន​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័ស​ ប្រកប​ដោយភាពធន់ ដែលការណ៍នេះ​បានក្លាយជា​បុរេ​លក្ខខណ្ឌ​ដ៏សំខាន់​ក្នុងការ​ជំរុញ​ឱ្យក្រុមហ៊ុន​ Huawei សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​ក្នុងរយៈពេល​ ២៥ ឆ្នាំ​កន្លងមក​នេះ ហើយបាន​ចាប់យក​នូវកាលានុវត្តន៍ភាព​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​នៅក្នុង​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា ព្រមទាំង​ការសម្រេច​បង្កើត​ការិយាល័យ​ថ្នាក់តំបន់​របស់​ខ្លួន​ប្រចាំ​កម្ពុជា។

លោកក៏បាន​សម្ដែងនូវ​ក្ដីរីករាយ​ដែលក្រុមហ៊ុន​បានចូលរួម​ចំណែក​ជាមួយ​ នឹងរាជរដ្ឋាភិបាល​កម្ពុជា​​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​និង​បច្ចេកវិទ្យា​ទំនើប និងបាន​ប្ដេជ្ញា​បន្ត​ចូលរួម​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែកបច្ចេកវិទ្យា​ឱ្យបានច្រើន​ថែមទៀត ដើម្បី​ធានា​ឱ្យបាន​នូវភាពប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​តំបន់​និង​ពិភពលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន Huawei ដែលតែងតែ​មានទំនុកចិត្ត​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅប្រទេស​កម្ពុជា​អស់រយៈពេល​ជាង ២៥ ឆ្នាំ​កន្លងមក​នេះ និងបានសម្ដែងនូវ​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ Huawei ចំពោះ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ឌីជីផល​ និង​បច្ចេកវិទ្យា​ទំនើប​ ដែលការណ៍​នេះជាការ​រួមចំណែក​ដ៏សំខាន់​ដល់ការអនុវត្ត​នូវយុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល ដែលផ្ដោតលើ​ការកសាង​មូលធន​មនុស្ស​ប្រកបដោយ​ជំនាញ ចំណេះ និងធានា​បាននូវ​ផលិតភាព​ការងារ​ខ្ពស់ សំដៅ​ប្រែក្លាយ​​កម្ពុជា​ជាប្រទេស​ដែលមាន​សេដ្ឋកិច្ច ​និង​សង្គមឌីជីថល​ ក៏ដូចជា​រាជរដ្ឋាភិបាល​ឌីជីថល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក លីន ប៉ាយហ្វឹង ក៏បាន​ពិភាក្សា​អំពី​គំនិត​ផ្ដួចផ្ដើម ​ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិទ្យា ​និង​ឌីជីថល​ថ្នាក់តំបន់ ដើម្បី​ទាក់ទាញ​អ្នកសិក្សា​ផ្នែកបច្ចេកវិទ្យា ​ក្នុងតំបន់​មកសិក្សា​នៅកម្ពុជា ក៏ដូចជា​ការលើកទឹកចិត្ត​ដល់យុវជន​កម្ពុជា ​ចាប់យក​ជំនាញ​ឌីជីថល សំដៅ​រួមចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​នាពេលអនាគត៕

你可能还喜欢

评论被关闭。