ឯកអគ្គរដ្ឋទូតហុងគ្រីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានជួប​ពិភាក្សា​ការងារជាមួយ​លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​​កម្ពុជា នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

លោក Tibor BALOGHDI បានសម្ដែង​នូវការកោតសរសើរ​ចំពោះ​ភាពជាអ្នកដឹកនាំ​របស់​សម្ដេច​ធិបតី​ ដែលបាន​ដាក់ចេញ​និង​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់កាល​ទី១ ដែលបាន​និង​កំពុង​ជួយលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង និងធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយភាពធន់។

លោកបានគូសបញ្ជាក់​ពីទំនាក់ទំនង ​និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​និង​យូរអង្វែង​រវាង​ហុងគ្រី​ និង​កម្ពុជា ដោយលោកបានប្ដេជ្ញា​បន្ត​ពង្រឹង ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​រឹងមាំ​ថែមទៀត។ នៅក្នុង​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​រវាង​ហុងគ្រី ​និង​កម្ពុជា លោកក៏បាន​បង្ហាញ​ឆន្ទៈ​ក្នុងការ​លើកទឹកចិត្ត​ឱ្យវិនិយោគិន​ហុងគ្រី​សិក្សា​ស្វែងយល់​និង​ពង្រីក​ឱកាស​វិនិយោគ​របស់​ខ្លួន​នៅកម្ពុជា​ឱ្យកាន់តែច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព​ជាប្រពៃណី​ និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ និងបានសម្ដែងនូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អប្រសើរ ​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ តាមរយ:​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ និង​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយសម្ដេច​បានគូសបញ្ជាក់​ថា យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​ រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំងពីរ ជាយន្តការ​មួយដែលនឹង​ជួយ​ពង្រឹង​ និង​ពង្រីក​នូវទំនាក់ទំនង​និង ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ល្អប្រសើរ​ថែមទៀត។

សម្ដេចធិបតី​និងលោក Tibor BALOGHDI ក៏បាន​ពិភាក្សា​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើវិស័យ​អាទិភាព​មួយចំនួន រួមមាន​ពាណិជ្ជកម្ម​និង​វិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង វិស័យ​ធនធានទឹក​និង​ធារាសាស្ត្រ​ផងដែរ៕

你可能还喜欢

评论被关闭。