អតីតអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ទទួលមរណភាព ក្នុងជន្មាយុ ៧៣ ឆ្នាំ

លោក ជា ចាន់តូ អតីតអគ្គ​ទេសាភិបាល​និង​ជាទេសាភិបាល​កិត្តិយស​ធនាគារជាតិ​នៃ​កម្ពុជា ​និងជាតំណាងរាស្រ្ត​មណ្ឌលខេត្ត​កំពង់ធំ​ បានទទួល​មរណភាព​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​ ១០ និង ៣៥ នាទីព្រឹក នៅរាជធានី​ភ្នំពេញ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។

លោក ជា ចាន់តូ ទទួលមរណភាពក្នុងជន្មាយុ ៧៣ ឆ្នាំ

លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជាបានបង្ហោះរូប​លោកស្រីជាមួយ​លោក ជា ចាន់តូ ដែលជាឪពុក​នៅលើហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ផងដែរ ដោយមានភ្ជាប់​ជាមួយខ្លឹមសារថា៖ “In loving memory of my dearest father.” (ក្នុង​ការ​ចងចាំ​ដោយ​ក្តី​ស្រឡាញ់​​របស់​ឪពុក​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​)។

រូបថតដែលលោកស្រី ជា សិរី បង្ហោះលើហ្វេសប៊ុករបស់លោកស្រីនៅថ្ងៃទី២៥ តុលា ២០២៤

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្ញើសារលិខិត​រំលែក​មរណទុក្ខ​ជូន​លោកស្រី ខៀវ ស៊ីណា ភរិយា​​លោក ជា ចាន់តូ និងលោកស្រី ជា សិរី កូនស្រីលោក ជា ចាន់តូ និងជាអគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា។

សម្តេចទាំងពីរ​ បានសម្តែងនូវសេចក្តី​ក្តុកក្តួល​រំជួលចិត្ត​ជាពន់ពេក និង​សោកស្តាយ​ឥតឧបមាចំពោះ​មរណភាព​របស់​លោក ជា ចាន់តូ។ ដោយចាត់ទុក​មរណភាព​របស់​លោក ជា ចាន់តូ គឺជា​ការបាត់បង់​ឪពុក ឪពុកក្មេក ជីតា ដែលប្រកបដោយ​ព្រហ្មវិហារធម៌​មិនចេះរីងស្ងួត​ចំពោះ​កូន ចៅប្រុស ចៅស្រីជាទី​ស្រឡាញ់​ទាំងអស់ ហើយក៏ជា​ការបាត់បង់​នូវ​ឥស្សរជន​ដ៏ឆ្នើម​របស់​ជាតិ ដែលតែងតែ​បានធ្វើ ​ពលិកម្ម​គ្រប់បែបយ៉ាង​ក្នុងបុព្វហេតុ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយ​កិត្យានុភាពជាតិ​លើឆាក​អន្តរជាតិ​ និងធ្លាប់បាន​បំពេញ​បេសកកម្ម​ដ៏ឧត្តុង្គឧត្តម​បំផុត​ជូនប្រទេសជាតិ​ តាមរយៈ​ការកំណត់​និង​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ សំដៅ​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ក្នុងក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជារៀងរហូតមក។

លោក ជា ចាន់តូ កាលនៅជាអគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា

គួររម្លឹកថា លោក ជា ចាន់តូ បានកាន់តំណែង​ជាអគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជារយៈពេល​ ២៥ ឆ្នាំ គឺចាប់ពី​ឆ្នាំ១៩៩៨ដល់ឆ្នាំ២០២៣។ បន្ទាប់ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី៧បានលេចជា​រូបរាង​ឡើង លោក ជា ចាន់តូ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​លោកជា​អគ្គទេសាភិបាល​កិត្តិយស​នៃ​ធនាគារជាតិ​កម្ពុជា ដែលមាន​ឋានៈ​ស្មើទេសរដ្ឋមន្ត្រី។

សពរបស់​លោក ជា ចាន់តូ តម្កល់​ធ្វើបុណ្យ​តាមប្រពៃណី​សាសនា​នៅផ្ទះលេខ១៣៥ ផ្លូវ​ម៉ាស៊ីនទឹក សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ៕

你可能还喜欢

评论被关闭。