កម្ពុជានឹងបើកស្ថានអគ្គកុងស៊ុលប្រចាំខេត្ត Henan ប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​បានណែនាំ​ឱ្យបើក​ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្តហឺណាន (Henan) ប្រទេសចិន ដើម្បី​បង្កើន​ទំនាក់ទំនង​ និងជំរុញ​ការអភិវឌ្ឍលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគ​រវាង​ខេត្តហឺណាន និងកម្ពុជា។

សម្តេចធិបតី​បានលើកឡើង​ ពីគម្រោង​បង្កើត​អគ្គស្ថានកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្តហឺណាននេះ នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​នៅទីស្តីការ​​នាយករដ្ឋមន្ត្រី​​នាវិមាន​សន្តិភាព​ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយណែនាំ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​សហការ​ជាមួយ ​ស្ថានឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលនេះ។

សម្តេច​បានចាត់ទុក​ខេត្តហឺណាន​គឺជាគោលដៅ​សំខាន់ និងប្រកបដោយសក្តានុពល​ខ្ពស់​មួយ​សម្រាប់​កម្ពុជា​ ក្នុងការ​បង្កើន​​ទំនាក់ទំនង​សហប្រតិបត្តិការ ​និងជំរុញ​ការអភិវឌ្ឍ​លើវិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគ​ជាដើម។

កម្ពុជា​បានចាត់ទុក​ខេត្តហឺណាន​ជាគោលដៅ​ទេសចរណ៍ដ៏សំខាន់ និងមានសក្តានុពល​​មួយនាពេលអនាគ​ ហើយកាលពី​ពេលថ្មីៗ​នេះ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានដឹកនាំ​គណៈប្រតិភូ​ទៅខេត្តហឺណាន​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ពិធីបុណ្យ​ក្បាច់គុន​សៅលីញ​វូស៊ូ​អន្តរជាតិ​លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ព្រមទាំង​បានជួប​សំណេះសំណាល​ និងពិភាក្សា​ការងារ​ជាមួយក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន​វិនិយោគ និង ធុរជន​ក្នុងខេត្តហឺណាន​ផងដែរ។ កម្ពុជា​បានដាក់គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ខេត្តហឺណាន​ឱ្យបាន​ចំនួន ១ លាននាក់​ក្នុងមួយឆ្នាំ។

ខេត្តហឺណាន​មានប្រជាជន​សរុប​ចំនួន ៩៨,១៥ លាននាក់ (គិតត្រឹមឆ្នាំ២០២៣) គឺជាតំបន់​កសិកម្ម​ និង​ស្បៀងអាហារ​ដ៏សំខាន់​របស់​ប្រទេសចិន។ ឆ្នាំ២០២៣ ខេត្តហឺណានមានផលិតផល​សរុប​ក្នុងស្រុក (GDP) ប្រមាណជិត ៦ ទ្រីលាន (៥ ៩១៣ ២៣៩ លាន) យ័ន។

យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា រយៈពេល ៩ ខែដើមឆ្នាំ២០២៤នេះ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ៤,៨ លាននាក់ ធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣​កើនឡើង២២,២% ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ១២,១៦ លាននាក់ ធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣​កើនឡើង៩,៨%។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ​បណ្តា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវពិនិត្យ​រាល់ការ​ដាក់ចេញ​គោលការណ៍​ និង​នីតិវិធី​បែបបទ​នានា ដោយបង្កលក្ខណៈ​ងាយស្រួល ភាពចាំបាច់ និង ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការវិនិយោគ​ និង​វិស័យ​ទេសចរណ៍ ដោយទាក់ទាញ​អ្នកថ្មី​និង​ថែទាំ​អ្នកដែលមានស្រាប់៕

你可能还喜欢

评论被关闭。