កម្ពុជា-ចិនអបអរសាទរសមិទ្ធផលលើកស្ទួយវិស័យអប់រំកម្ពុជាក្រោម គម្រោងជំនួយរបស់ចិន
ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កម្ពុជានិងចិនបានធ្វើពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។
ពិធីអបអរសាទរនេះធ្វើឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិន ដែលតែងតែចូលរួមគាំទ្រនិងផ្តល់ជំនួយជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន
បណ្តុំរូបភាពនៃសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន
សម្តេចធិបតីបានសង្កត់ធ្ងន់ថា គម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជានេះ គឺបានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សិស្សានុសិស្ស និស្សិត និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង តាមរយៈការជួយពង្រឹងវិស័យអប់រំ និងកសាងធនធានមនុស្ស។ ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោក វ៉ាង វិនពីន បង្ហាញពីឆន្ទៈនិងគោលជំហររបស់ចិនក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា
លោក វ៉ាង វិនពីន បានថ្លែងនៅក្នុងពិធីនោះថា ប្រទេសចិនគឺជាដៃគូដ៏គួរឱ្យទុកចិត្តបានក្នុងការជួយថែរក្សាឯករាជ្យភាព និងពន្លឿនការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយភាគីចិនប្រកាន់ខ្ជាប់ក្នុងការគាំទ្រកម្ពុជាក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និង កិត្តិយសជាតិ និងបន្តគាំទ្រការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទៅតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ខ្លួនឯង ហើយក៏គាំទ្រឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់មធ្យមនៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា (CPISEEF) បានចំណាយថវិកាសរុបចំនួនជាង ២២ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តរយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ជាជំនួយឥតសំណងរបស់ចិន និងថវិកាបដិភាគរបស់កម្ពុជា ក្នុងនោះថវិកាជាង ២០,៥ លានដុល្លារគាំទ្រដោយចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២,៥ លានដុល្លារ។
គម្រោងនេះបានជួយទៅវិទ្យាល័យចំនួន២៦ ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដោយបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក៕
评论被关闭。