កម្ពុជាអនុម័តថវិកាប្រមាណ ៩ ៤៨៧ លានដុល្លារ សម្រាប់ទ្រទ្រង់និរន្តភាពស្ថាប័នរដ្ឋនៅឆ្នាំ២០២៥

រាជរដ្ឋាភិបាល​កម្ពុជា ​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ចំនួន ៣៧ ៩៥០ ៣៨៥ លាន​រៀល (ប្រមាណ ៩ ៤៨៧ លាន​ដុល្លារអាម៉េរិក) ដើម្បី​ទ្រទ្រង់​និរន្តភាព ​​នៃ​កិច្ចប្រតិបត្តិការ​របស់​​ស្ថាប័ន​រដ្ឋ​សម្រាប់​ឆ្នាំ២០២៥។

គណៈរដ្ឋមន្ត្រី​កម្ពុជា​ បានបើក​កិច្ចប្រជុំ​ពេញអង្គកាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

​យោង​តាម​សេចក្តីព្រាង​ច្បាប់ ​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៥ ដែលមាន ៦ ជំពូក​និង​ ១៥​ មាត្រា នៅឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​​គ្រោង​ចំណាយ​​ថវិកា​​រដ្ឋ​សរុប​ចំនួន​ ៣៧ ៩៥០ ៣៨៥ លាន​រៀល ដើម្បី​ទ្រទ្រង់​និរន្តភាព​​នៃកិច្ចប្រតិបត្តិការ​របស់​​ស្ថាប័នរដ្ឋ​ ជាពិសេស​​ដើម្បី​​សម្រេច​ឱ្យបាន​ជាអតិបរមា​​នូវគោលដៅ​​ជាយុទ្ធសាស្ត្រ​ទាំង ៥ ដូច​មាន​​ចែងក្នុង​យុទ្ធសាស្ត្រ​​បញ្ចកោណ​-​ដំណាក់កាល​ទី១ របស់​​រាជរដ្ឋាភិបាល​នីតិកាលទី៧។

ថវិកា​​ប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល​ដែល​​រាជរដ្ឋាភិបាល​​គ្រោង​ចំណាយ​ត្រូវ​ជា ១៨,១៤% នៃ​ផលិតផល​​ក្នុងស្រុក​​សរុប (ផ.ស.ស.) ​ក្នុង​នោះ​​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀលនិង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល។

យោងតាម​​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ២០២៥ ដែល​ត្រូវ​បាន​​អនុម័ត​​នៅក្នុង​​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ថវិកា​ឆ្នាំ២០២៥​នឹងដើរតួនាទី​ជាឧបករណ៍​​គោលនយោបាយ​​​ប្រកបដោយ​​ប្រសិទ្ធភាព ​និង​​ស័ក្ដិសិទ្ធិ​ភាព​​របស់​​រាជរដ្ឋាភិបាល ក្នុង​ការរក្សា ការការពារ និង ការពង្រឹង​ថែម​ទៀ​ត​នូវ​សមិទ្ធផល​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បានកន្លងមក ក៏ដូចជា​ក្នុងការ​បន្ត​បុកគ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​របស់​​កម្ពុជា​ត​ទៅមុខទៀត។

 

អាទិភាព​ចំណាយ​ថវិកា​ឆ្នាំ២០២៥ គឺឆ្លើយតប​​នឹង​អាទិភាព ​និង​​តម្រូវការ​ចាំបាច់​របស់​ក្រសួង​-ស្ថាប័ន​នានា ជាពិសេស ការផ្សារភ្ជាប់​នូវការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ ទៅនឹង​គោលបំណង​គោលនយោបាយរបស់​ក្រសួង-ស្ថាប័ន ដែលនឹង​រួមចំណែក​សម្រេច​គោល​នយោបាយ​ជា​អាទិភាពរួម​ របស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹង​សមត្ថភាព​ស្ថាប័ន ការអភិវឌ្ឍ​មូលធន​មនុស្ស ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​​រូបវន្ត​ និងការជួសជុល ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និងការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។ ជាពិសេស​ការបង្កើត​តម្លៃ​បន្ថែម​ក្នុងវិស័យ​ចន្ទល់​សេដ្ឋកិច្ច ​ដែល​មានស្រាប់​និង​អនុវិស័យ​ពាក់ព័ន្ធ ការ​ជំរុញ​ការវិនិយោគ​​ក្នុងវិស័យ​កសិកម្ម ការរៀបចំ​ខ្លួន​សម្រាប់​ឈោង​ចាប់​យក​បច្ចេកវិទ្យា​ថ្មីៗក្នុងយុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ការពង្រីក​វិសាលភាព និង ការពង្រឹង​គុណភាព​នៃ​សេវា​សាធារណៈ​គ្រប់ប្រភេទ ជាពិសេស​សេវា​អប់រំ សុខាភិបាល យុត្តិធម៌ និង សេវា​មូលដ្ឋាន​​ចាំបាច់​ដទៃ​ទៀត និងការកែទម្រង់​​អភិបាលកិច្ច​ និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន ទាំងនៅ​ថ្នាក់ជាតិ ​និង​​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការអនុវត្ត​របប​គាំពារ​សង្គម ដោយ​ឈរលើ​គោលការណ៍​ប្រសិទ្ធភាព សមធម៌​សង្គម ចីរភាព និង ភាព​អាចទ្រទ្រង់​បាននៃថវិកា។

សូមរម្លឹកថា សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២៥ ត្រូវបាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន៦,៣%។ ការរំពឹងទុក​នៃ​កំណើន៦,៣%នេះ ត្រូវបាន​គាំទ្រ​ដោយវិស័យ​សេដ្ឋកិច្ច​សំខាន់​ៗ៖ (១) វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន៨,៦% (២) វិស័យ​សេវាកម្ម នឹង​មាន​កំណើន៥,៦% និង (៣) វិស័យ​កសិកម្ម នឹង​កើនឡើង១,១%។ ចំណែក​អតិផរណា​ត្រូវបាន​ព្យាករ​ថា នឹង​ស្ថិតក្នុង​រង្វង់​២,៥% ក្នុងនោះ​​វិស័យ​សង្គមកិច្ច​នៅតែត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ទីមួយ៕

你可能还喜欢

评论被关闭。