ក្រសួងការងារដាក់ឱ្យដំណើរការសាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានប្រកាស​ដាក់ឱ្យប្រើប្រាស់​​បញ្ជរផ្តល់សេវា​សាធារណៈតាមប្រព័ន្ធ​អេឡិចត្រូនិក​ សម្រាប់សាធារណជន​សាកល្បង​ប្រើប្រាស់។

នាឱកាស​ធ្វើជា​អធិបតី​ក្នុងពិធី​បើកដំណើរការ​ពិព័រណ៍​ការងារ ​និង​ផលិតភាពជាតិ​ឆ្នាំ២០២៤ នាព្រឹក​ថ្ងៃទី២៦ ខែតុលានេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​សាកល្បង​បញ្ជរ​ផ្តល់សេវា​សាធារណៈ​តាមប្រព័ន្ធ​អេឡិចត្រូនិក​នេះ។

លោក ហេង សួរ បានឱ្យដឹងថា ​បញ្ជរ​ផ្តល់សេវា​សាធារណៈ​តាមប្រព័ន្ធ​អេឡិចត្រូនិក​នេះ បង្កើតឡើង​ដោយស្នាដៃ​សិស្ស-និស្សិត​របស់​ TVET  វាផ្តល់ភាពងាយស្រួល​ក្នុងការ​ផ្តល់សេវា​សាធារណៈ​នានា​របស់​ក្រសួង​។

លោកបញ្ជាក់ថា បញ្ជរ​ផ្តល់សេវា​សាធារណៈ​តាម​ប្រព័ន្ធអេឡិចត្រូនិក​នេះ មានមុខងារ​លើសេវាសាធារណៈ​តាមបែប​ឌីជីថល​ចំនួន ៦ រួមមាន៖

(១) សេវា​ចុះឈ្មោះ​ស្វែងរក​ការងារ

(២) សេវា​ចុះឈ្មោះ​ស្វែងរក​បុគ្គលិក

(៣) សេវា​ចុះឈ្មោះ​ស្វែងរក​ការងារ​ក្រៅប្រទេស

(៤) សេវា​ចុះឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ

(៥) សេវា​តាមដាន​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

(៦) ជាពិសេស វាក៏ជា​កន្លែង​ដែល​សាធារណជន​អាច​ផ្តល់ជា​ព័ត៌មាន ​ឬ​ដាក់បណ្តឹង​អនាមិក​មកកាន់​ក្រសួង​ ក្នុងករណី​មានបញ្ហា​ណាមួយ​ពាក់ព័ន្ធ​ទៅនឹង ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង ដោយមិន​តម្រូវ​ឱ្យ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកដាក់​ពាក្យបណ្តឹង​នោះឡើយ។

លោក ហេង សួរ បានលើកឡើងថា បើសិនជា​តាមរយៈ​ការធ្វើតេស្ត​សាកល្បង​ទៅលើ​ម៉ាស៊ីន​ទាំង៨ បញ្ជរ ​ដែលបាន​ដាក់បង្ហាញ​ឱ្យ​សាធារណជន​សាកល្បង​ប្រើប្រាស់​នៅក្នុងពេល​ពិព័រណ៍​ការងារ​នាពេលនេះ ទទួលបាន​ជោគជ័យ​ដោយរលូន ក្រសួង ​នឹង​ផលិត​ម៉ាស៊ីន​នេះ​ប្រមាណជា ១០០០ គ្រឿង សម្រាប់​ដាក់នៅតាម​ទីតាំង​សាធារណៈ ផ្សារទំនើប តំបន់​សេដ្ឋកិច្ច​ពិសេស សាលារៀន ស្ថានីយ​ប្រេងឥន្ធនៈ ទីប្រជុំជន​នានា សម្រាប់​សាធារណជន​ប្រើប្រាស់​នាឆ្នាំ២០២៥​ខាងមុខនេះ។

លោក ហេង សួរ បញ្ជាក់បន្ថែមថា បញ្ជរ​ផ្តល់​សេវា​សាធារណៈ​តាមប្រព័ន្ធ​អេឡិចត្រូនិក​នេះ បង្កើតឡើងដើម្បី​ធ្វើយ៉ាងណា​ត្រូវ​បង្ខិត​ការផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យបាន​ទៅជិត​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​វិស័យ​ឯកជន៕

你可能还喜欢

评论被关闭。