ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះមហាក្សត្រកម្ពុជា ប្រព្រឹត្តទៅរយៈពេល ២២ ថ្ងៃនៅមុខព្រះបរមរាជវាំង

ពិព័រណ៍​ព្រះបរម​ឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលរៀបចំ​ដោយសហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) បានធ្វើ​ពិធី​បើកជាផ្លូវការ​នាព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

ពិធី​បើកនេះ​ធ្វើឡើង​ក្រោមអធិបតីភាព​សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង អនុប្រធាន សមាជិក​គណៈអចិន្ត្រៃយ៍ សមាជិក គណៈកម្មាធិការ​កណ្តាល រួមទាំង​សមាជិក សមាជិកា​ជាច្រើន​រូបទៀត។

លោក ហ៊ុន ម៉ានី បានឱ្យដឹង​ថា ពិព័រណ៍​ព្រះបរម​ឆាយាល័ក្ខណ៍នេះ ត្រូវបាន​រៀបចំ​ឡើងក្នុងគោលបំណង​បង្ហាញ​ពីការ​ដឹងគុណ​ចំពោះ​ព្រះគុណូបការៈ ព្រះគំរូវីរភាព និង ព្រះរាជបូជនីយ៍កិច្ច​ដ៏ឧត្តុង្គឧត្តម​របស់​ព្រះមហាក្សត្រ ដែលទ្រង់​បានបំពេញ​ព្រះរាជ​តួនាទី ​និង​ព្រះរាជកិច្ច​របស់​ព្រះអង្គ​យ៉ាងខ្ជាប់ខ្ជួន​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយព្រះអង្គ​តែងតែ​គង់ប្រថាប់​ជាម្លប់​ដ៏ត្រជាក់​ត្រជុំ និងយកព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​នៅគ្រប់​កាលៈទេសៈ​ទាំងអស់។

លោក ហ៊ុន ម៉ានី បានអះអាង​ថា ស.ស.យ.ក. ប្តេជ្ញា​បន្ត​ចូលរួម​ទទួល​ខុសត្រូវ​ចំពោះ​ជោគវាសនា​ កម្ពុជា តាមរយៈ​ការបន្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងបេសកកម្ម​សប្បុរសធម៌ វប្បធម៌ និង សង្គម ក្នុងទិសដៅ​បន្ត​រក្សា​ការពារ​ឱ្យបាន​នូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការលើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ពិព័រណ៍​ព្រះបរម​ឆាយាល័ក្ខណ៍​នេះ នឹងប្រព្រឹត្ត​ទៅរយៈពេល ២២ ថ្ងៃ គឺចាប់ពី​ថ្ងៃទី២៧ ខែតុលា រហូតដល់​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំង​សួនព្រះរាជ​បណ្តាំ​ (មុខព្រះបរមរាជវាំង) នេះផ្ទាល់តែម្តង ដែលមាន​ការតាំងបង្ហាញ​អំពី​ព្រះរាជជីវប្រវត្តិ​ព្រះរាជ​កាតព្វកិច្ច ស្នាព្រះហស្ត និង ព្រះរាជ​សកម្មភាព​សប្បុរសធម៌​របស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី៕

你可能还喜欢

评论被关闭。