ព្រះមហាក្សត្រកម្ពុជាប្រារព្ធពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងរាជសម្បត្តិ
ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ (២៩ តុលា ២០០៤-២៩ តុលា ២០២៤) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ចូលរួមដង្ហែព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០នៃការយាងឡើងគ្រងរាជសម្បត្តិនាព្រឹកនេះ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និង សម្ដេច ម៉ែន សំអន និងថ្នាក់ដឹកនាំផ្សេងៗទៀត។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រានៃព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះរាជបិតា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕
评论被关闭。