កម្ពុជានឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» នៅពាក់កណ្តាលខែធ្នូ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា កម្ពុជា​នឹងរៀបចំ «វេទិកា​ពាណិជ្ជកម្ម​ឌីជីថល​កម្ពុជា​លើកទី១ និងពិព័រណ៍​អនឡាញ» នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរី​ប៉េងហួត បឹងស្នោរ រាជធានី​ភ្នំពេញ។

លោកស្រី ជា រដ្ឋា ប្រកាសអំពីការរៀបចំ «វេទិកា​ពាណិជ្ជកម្ម​ឌីជីថល​កម្ពុជា​លើកទី១ និង​ពិព័រណ៍​អនឡាញ»

បើតាម​លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម នាឱកាស​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី អត្ថប្រយោជន៍​ក្នុងការ​ចូលរួម «វេទិកា​ពាណិជ្ជកម្ម​ឌីជីថល​កម្ពុជា​លើកទី១ និង ​ពិព័រណ៍​អនឡាញ» កាលពីពេលថ្មីៗនេះបានឱ្យដឹងថា «វេទិកា​ពាណិជ្ជកម្ម ​ឌីជីថល​កម្ពុជា​លើកទី១ និង​ពិព័រណ៍​អនឡាញ» គឺជា​ព្រឹត្តិការណ៍​ដំបូងគេ​បង្អស់​នៅ​កម្ពុជា និងជា​កម្មវិធី​អមពិព័រណ៍​ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ-នាំចូលលើកទី១៧ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរី​ប៉េងហួត បឹងស្នោរ រាជធានី​ភ្នំពេញ ក្នុងគោលបំណង​ជំរុញ​ការបង្កើត​ថ្មី លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​នៅកម្ពុជា និងគាំទ្រ​ការជំរុញ​ផលិតផល​ក្នុងស្រុក​ឈានទៅកាន់​សកលលោក ក្រោមប្រធានបទ “ផលិតផល​កម្ពុជា ឆ្ពោះទៅកាន់​ពាណិជ្ជកម្ម​សកល” From Cambodian Made to Global Trade (Cambodian2Global)។ ព្រឹត្តិការណ៍​នឹងបង្ហាញពី​ភាពរីកចម្រើន​នៃតួនាទី​របស់​កម្ពុជា​នៅក្នុង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​ជំរុញ​ឱ្យមាន​ភាពរីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​នៅ​កម្ពុជា។

លោកស្រី ជា រដ្ឋា បានឱ្យដឹង​ទៀតថា សហគ្រិន​កម្ពុជា​ទាំងអស់​អាចចូលរួម​សហការ​ក្នុងការ​ដាក់តាំង​បង្ហាញលក់​ផលិតផល​ជាតិខ្មែរ​ចូលទៅក្នុង​ទីផ្សារ​ជាតិ​និង​អន្តរជាតិ តាមរយៈ​បណ្ដាញ​ CambodiaTrade.com ក្នុងឱកាស​ពិព័រណ៍​ខាងមុខនេះ ហើយអ្នកចូលរួម​នឹងទទួលបាន​នូវបទពិសោធន៍​ថ្មីៗ​គួរឱ្យកត់សម្គាល់​ សម្រាប់​អនាគត​នៃ​អាជីវកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​និង​របៀប​បង្កើត​ទំនុកចិត្ត​ជាមួយ​អតិថិជន​ ដូចជា​កម្មវិធី​ពាណិជ្ជកម្ម​ឌីជីថល​និងបញ្ញាសិប្បនិម្មិត (AI) ការការពារ​អ្នកប្រើប្រាស់ ការការពារ​ទិន្នន័យ សញ្ញា​ទុកចិត្ត​សម្រាប់ E-Commerce ជាពិសេស ក៏មាន​កម្មវិធី​ជជែក​ដេញដោល​របស់​យុវជន​នៅក្នុង​ប្រធានបទ​ពាណិជ្ជកម្ម​ឌីជីថល កម្មវិធី E-Commerce Awards Night និងអបអរសាទរ​សមិទ្ធផល​ក្នុងវិស័យ​ពាណិជ្ជកម្ម​ឌីជីថល​របស់​កម្ពុជា​ផងដែរ៕

你可能还喜欢

评论被关闭。