អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៦ ចំណុច បញ្ជាក់សាជាថ្មីស្តីពី «ការដកខ្លួនចេញពី CLV-DTA
ដោយសារបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) នៅតែជាប្រធានបទក្តៅដែលក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនយកមកធ្វើជាអាជីវកម្មនយោបាយនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍ចំនួន ៦ ចំណុច ដើម្បីជាការបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាប។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានខ្លឹមសារដូចខាងក្រោម៖
១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពី CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជា។
៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា CLV- DTA គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវនិងរដ្ឋាភិបាលវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភាឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
៤- អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និង ខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយសកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញនិងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកក្វក់និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។
៥- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានគោលនយោបាយច្បាស់លាស់និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេស បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។
៦- រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេសឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិល្លីម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្ថែមថា សូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយបញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត៕
评论被关闭。