ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រារព្ធឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប
ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយសមាគមសិល្បករខ្មែរនិងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានប្រារព្ធឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌និងទេសចរណ៍» ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួបលើកទី២០នៃកាយាងសោយព្រះសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាការបង្ហាញដល់ពិភពលោកឱ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំនៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីរក្នុងពេលតែមួយ។ ទី១ គឺកម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាព ព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករ សិល្បការិនីចូលរួមសម្តែងជាច្រើនរយនាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលជាការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរនិងការស្វាគមន៍ ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរជាតិនិងអន្តរជាតិដែលបានអញ្ជើញចូលរួម។
លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរដ៏អច្ឆរិយរបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរអន្តរជាតិបានឈ្វេងយល់បន្ថែម ក៏ដូចជាចូលរួមថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ដែលដូនតាបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាចង់ចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ ដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចចូលរួមនិងភ្លក្សនូវម្ហូបជាច្រើមុខ ពិសេសអាចស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ ហើយជនបរទេសបានថតរូបផ្សព្វផ្សាយអំពីទិដ្ឋភាពនៃស្នាមញញឹមដ៏អស្ចារ្យនេះផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ គឺជាកម្មវិធីដ៏ល្អនិងសំខាន់មួយក្នុងការបង្ហាញអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍របស់កម្ពុជា ជាពិសេសគឺខេត្តសៀមរាបផ្ទាល់តែម្តង ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនទេសចរកម្ពុជាឱ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានថ្លែងថា ដើម្បីជាការដឹងគុណ តបគុណ អ្នកឧកញ៉ាបានដឹកនាំក្រុមការងារសិល្បករ សិល្បការិនីជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និង ផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍និងល្បីសុះសាយនៅលើសកលលោក។
ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ធ្វើឡើងរយៈពេល ២ ថ្ងៃទី គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៕
评论被关闭。