ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ រួបរួមសាមគ្គីជាតិជាធ្លុងមួយ

ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានព្រះរាជ​បន្ទូល​អំពាវនាវ​ដល់ប្រជានុរាស្រ្ត​របស់​ព្រះអង្គ រួប​រួម​សាមគ្គីជាតិ​ជាធ្លុង​មួយ ក្រោមដំបូល​រដ្ឋធម្មនុញ្ញ​និង​ការដឹកនាំ​របស់​រាជរដ្ឋាភិ​បាល​អាណត្តិទី៧។

    

ព្រះករុណា ព្រះមហាក្សត្រ បានមាន​ព្រះរាជ​បន្ទូល​អំពាវនាវ​បែបនេះ​នាឱកាសព្រះរាជ​ពិធី​មហា​មិទ្ទិញ​ អបអរសាទរ​ខួប​លើកទី២០នៃការគ្រង​ព្រះបរមសិរី​រាជសម្បត្តិ​ថ្វាយព្រះអង្គ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។

ព្រះមហាក្សត្រ​កម្ពុជា​មានព្រះរាជ​បន្ទូល​ថា ការប្រារព្ធ​ព្រះរាជ​ពិធី​រម្លឹកខួប​នៃការគ្រង​ព្រះបរមសិរី​រាជសម្បត្តិ​របស់​ព្រះអង្គ​នាពេលនេះ គឺស្របពេល​ដែលប្រទេស​កម្ពុជា​កំពុង​ស្ថិតក្នុង​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ត្រូវបាន​ធានា​យ៉ាងពេញលេញ និងស្របពេល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បានបំពេញ​ភារកិច្ច​យ៉ាងសកម្ម​តាមតួនាទី​របស់​ខ្លួនក្នុង​បុព្វហេតុជាតិ​និង​ប្រជាជន។

ព្រះអង្គ​ទ្រង់បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​ជាប្រមុខ​រាជរដ្ឋាភិបាល ដែលបាន​នាំនាវា​​កម្ពុជា​ប្រែមុខមាត់​ថ្មី​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​​ការដាក់ចេញ​នូវយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១ និង​គោលនយោបាយ​ដ៏ត្រឹមត្រូវ។

ព្រះអង្គ​មានព្រះរាជ​បន្ទូល​បន្ត​ថា រាជរដ្ឋាភិបាល​អាណត្តិទី៧​ក្រោមការ​​ដឹកនាំ​​​របស់​​សម្ដេចធិបតី បានប្រតិបត្តិ​តាមមាគ៌ា​ដ៏ប្រពៃ​និងមរតក​ដ៏ថ្លៃថ្លា​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន អតីត​​នាយក​រដ្ឋមន្ត្រី បាន​នាំ​មក​​នូវ​សុខសន្តិភាព សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​ និង កិត្យានុភាព​ជាតិ​ល្បីរន្ទឺ​លើឆាក​អន្តរជាតិ ហើយ​ក៏​​ស្របតាម​​គោល​មាគ៌ា​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ដែលជា​ព្រះរាជបណ្ដាំ​ចុងក្រោយ​នៃ​ព្រះករុណា សម្ដេច​ព្រះបរម​រតនកោដ្ឋិ​កាលពី​ឆ្នាំ២០១១។

ព្រះអង្គ​មានព្រះរាជ​បន្ទូល​ទៀតថា យើងកំពុង​សប្បាយរីករាយ​និង​ទទួលផល​ជាវិជ្ជមាន ដែលកើតចេញពី​កម្លាំង​កសាង​និង​ការពារ​ជាតិមាតុភូមិ​ ប្រកប​ដោយ​សុខដុម​រមនា​របស់​ជនរួមជាតិ​យើង។

ក្នុងន័យនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវ​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន រួបរួម​សាមគ្គី​ជាធ្លុងមួយ​ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​ច្បាប់រដ្ឋ ដើម្បី​រួមចំណែក​ការពារ​និង​កសាង​មាតុភូមិ​លើគ្រប់​វិស័យ។ មហាសាមគ្គីជាតិ​ទាំងមូល​នេះ ជាមូលដ្ឋានគ្រឹះ​ធ្វើឱ្យ​ស្ថានភាព​ជាតិ​មានសុខសន្តិភាព មានស្ថិរភាព​នយោបាយ ដែលជា​ប្រភព​កំណត់​នៃការអភិវឌ្ឍ​លើវិស័យ​នានា ជាពិសេស​វិស័យ​សេដ្ឋកិច្ច​ដែលជាដង្ហើម​របស់​ជាតិ។

ព្រះអង្គ​បានមាន​​ព្រះរាជ​បន្ទូល​បន្ថែម​ទៀត​​ថា សមិទ្ធផល​​ដ៏ធំធេង​ទាំងឡាយ​​ដែល​សម្រេច​បាន​​នេះ​ ពិត​ជា​​បាន​មក​​តាម​រយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ការលើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរព​សិទ្ធិ​សេរីភាព សេច​ក្តី​​ថ្លៃថ្នូរ​របស់​មនុស្ស ការការពារ​សន្តិសុខ សុវត្ថិភាព ​និង​សណ្ដាប់​ធ្នាប់​​សង្គម ការកែ​លម្អ​​អភិបាល​កិច្ច ដើម្បី​​លើកស្ទួយ​​វិស័យ​សាធារណៈ​ និង​សមធម៌​​សង្គម និង ការលើក​កម្ពស់​​កិច្ចសហប្រតិបត្តិការ ដើម្បី​​បម្រើ​​សំណូម​ពរ​​នៃ​ការអភិវឌ្ឍជាតិ។

គួររម្លឹកថា កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលជា​ព្រះរាជ​ពិធី​ខួប ២០ វស្សា​នៃការគ្រង​ព្រះបរមសិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ធំៗ​របស់​ជាតិ ដែលនៅក្នុងនោះ​មានវត្តមានរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និងជា​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្ដេច​ធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំង​សម្ដេច ឯកឧត្តម លោកជំទាវ ជាឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ឥស្សរជន​នៃបណ្ដា​ស្ថាប័ន​ជាតិ​ជាច្រើនទៀត ​បានអញ្ជើញ​ចូលរួម​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​នៅព្រះទីនាំង​ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

នាឱកាស​នោះ សម្ដេចតេជោ ហ៊ុន សែន សម្តេចធិការធិបតី ឃួន សុដារី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ឡើងថ្លែងសារ​ថ្វាយព្រះពរ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ៕

你可能还喜欢

评论被关闭。