បាក់ឌុបឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ និទ្ទេស A ចំនួន ២ ២១៦ នាក់

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ៨ តុលា ២០២៤ បានចេញ​ល​ទ្ធផល​ជា​ផ្លូវការហើយ ដោយមាន​បេក្ខជន​ប្រឡង​ជាប់សរុប​ចំនួន ១០៦ ៣៥១ នាក់ ត្រូវជា​៧៩%​នៃចំនួន​បេក្ខជន​ប្រឡង​សរុប។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​​អប់រំ យុវជន និង កីឡា ដែលបាន​​​ចេញផ្សាយ​នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

សកម្មភាពសិស្សចូលប្រឡងបាក់ឌុបកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងទៀត​​​ថា ក្នុង​​ចំណោម​បេក្ខជន​​ប្រឡងជាប់​​ចំនួន ១០៦ ៣៥១ នាក់ មាន​​និទ្ទេស A ចំនួន ២ ២១៦ នាក់ និទ្ទេស B ចំនួន ៩ ៧០១ នាក់ និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

ដោយឡែក ក្នុងចំណោម​​សិស្ស​​និទ្ទេស A ចំនួន ២ ២១៦ នាក់ រាជធានី​ភ្នំពេញ​មានចំនួន​បេក្ខជនជាប់និទ្ទេស A ​​ច្រើនជាងគេ ស្មើនឹង ៦៩០ នាក់ ឈរនៅ​លំដាប់​លេខ១ ខេត្តសៀមរាប ២២១ នាក់ ខេត្តកណ្តាល ២១៦ នាក់ ខេត្តតាកែវ ១៣៨ នាក់ ខេត្តបាត់ដំបង ១៣០ នាក់ ខេត្តព្រៃវែង ១១៧ នាក់ ខេត្តកំពង់ចាម​ ១១៥ នាក់ ខេត្តកំពត ៧៨ នាក់ ខេត្តបន្ទាយមានជ័យ ៧៤ នាក់ ខេត្តត្បូងឃ្មុំ​ ៧០ នាក់ ខេត្តក្រចេះ​ ៥៦ នាក់ ខេត្តកំពង់ធំ ៥៦ នាក់ ខេត្តកំពង់ឆ្នាំង ៤៧ នាក់ ខេត្តកំពង់ស្ពឺ ៤៧ នាក់ ខេត្តព្រះសីហនុ ៤៥ នាក់ ខេត្តស្វាយរៀង ៣៧ នាក់ ខេត្តពោធិ៍សាត់ ២៨ នាក់ ខេត្តកោះកុង ១៣ នាក់ ខេត្តរតនគិរី ៩ នាក់ ខេត្តឧត្តរមានជ័យ ៨ នាក់ ខេត្តព្រះវិហារ ៦ នាក់ ខេត្តស្ទឹងត្រែង ៥ នាក់ ខេត្តប៉ៃលិន ៥ នាក់ ខេត្តមណ្ឌលគិរី ៣ នាក់ និង ខេត្តកែប ២ នាក់។

ចំនួនបេក្ខជនប្រឡងជាប់និទ្ទេស A ទូទាំង ២៥ រាជធានី-ខេត្តដែលចេញដោយក្រសួងអប់រំ យុវជន និង កីឡា

សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក៏បានចេញសារ​អបអរសាទរ​ចំពោះ​បេក្ខជន​ដែលប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៨ តុលា ២០២៤ នៅលើ​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់សម្តេច​ផងដែរ។

សម្តេចធិបតី​បានមាន​ប្រសាសន៍​ថា៖ “សូមចូលរួម​អបអរសាទរ​ជាមួយ​ក្មួយៗ​ទាំងអស់ ដែលទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ សម្រាប់​ក្មួយៗ​ដែលទទួលបាន​លទ្ធផល​មិនគាប់​ប្រសើរ សូមកុំបាក់​ទឹកចិត្ត ហើយត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ប្រែក្លាយ​លទ្ធផល​ឱ្យបាន​គាប់ប្រសើរ​ក្នុងការ​ប្រឡង​ឆ្នាំក្រោយ ឬអាច​ចាប់យក​ឱកាស​ក្នុងការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ឬកម្រិត​នៃ​ការសិក្សា​បន្ទាប់​ ដើម្បី​បន្ត​អភិវឌ្ឍ​ចំណេះដឹង​និង​ជំនាញ សម្រាប់​ចាប់យក​អាជីព​ច្បាស់លាស់​ ដើម្បី​កសាង​អនាគត​ដ៏​ភ្លឺស្វាង។

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៣

យោងតាម​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​​ក្រសួង​​អប់រំ យុវជន និង ​កីឡា បាន​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឱ្យអត្រា​​បេក្ខជន​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ​ជាប់​ច្រើន​រហូតដល់​៧៩% កើនឡើង​៧%ធៀបនឹងឆ្នាំ២០២៣ (៧២%)។ ​លទ្ធផល​នេះ​កើត​ចេញ​មកពី​​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក៏ដូចជា​យន្តការ​​កំណែទម្រង់​ជាង​ ១០​ ឆ្នាំ​កន្លង​មក​នេះ​ ដោយ​មិនមែន​ត្រឹមតែ​ផ្តោតទៅលើ​កម្រិត​ក្រសួង​ ឬ​គោលនយោបាយ​ទេ​ គឺ​ផ្តោតទៅលើ​កំណែ​ទម្រង់​សាលារៀន​ និង​ធ្វើជា​ប្រព័ន្ធ​តែម្តង​ ដើម្បី​ជំរុញ​ឱ្យ​ការសិក្សា​របស់​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ។

សូមបញ្ជាក់ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡងឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និង កីឡា នឹងធ្វើឡើង​នៅខែសីហាវិញ ដើម្បីបញ្ចៀស​នូវ​ផលលំបាក​ពីគ្រោះ​ទឹកជំនន់៕

你可能还喜欢

评论被关闭。