សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធី​បើកការប្រកួត​កីឡាជាតិ ​លើកទី៤ និងកីឡាជាតិជនពិការលើកទី២

នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២ បានធ្វើ​ពិធី​បើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិ​អូឡាំពិក ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​ស​ម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា។ លោក​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា និងលោក​ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ ក៏មានវត្តមាន​និងថ្លែងសុន្ទរកថា​ក្នុងពិធី​បើកនេះ​ផងដែរ។

ថ្លែងក្នុង​ពិធី​បើកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡាជាតិលើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២ ដែលបាន​ប្រារព្ធឡើង​តាមពេល​កំណត់។

សម្តេចធិបតី​មានប្រសាសន៍​ថា វិស័យ​កីឡា​កម្ពុជា​មានការរីកចម្រើន​​គួរឱ្យ​កត់សម្គាល់​ និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពីសំណាក់​មហាជន។ អត្តពលិក​កម្ពុជា​បានចូលរួម​ក្នុងការ​ប្រកួត​ធំៗ ទាំងកម្រិត​តំបន់​និង​ពិភពលោក ព្រមទាំង​​អាចដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ប្រកប​ដោយ​​មោទកភាព។ ព្រឹត្តិការណ៍​កីឡា​មិនមែន​គ្រាន់តែ​ជា​ការប្រកួត​មួយ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ជាងនេះ​ទៀត​​គឺជា​​ឱកាស​​សម្រាប់​​ផ្សព្វផ្សាយ​​ទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ ក៏ដូចជា​​រួមចំណែក​​ដល់ការ​ពង្រឹង​​ចំណង​​សាមគ្គីភាព​ និង​​មិត្តភាព​​រវាង​​ប្រតិភូកីឡា​ នៃ​ប្រទេស​ដែលបាន​ចូលរួម​ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

លោក​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា

លោក​ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា

សម្តេចធិបតី​បានកោតសរសើរ​ ចំពោះ​​កិច្ចខិតខំ​​ប្រឹងប្រែង​​រួមគ្នា​​រវាង​​ក្រសួង​អប់រំ យុវជន និង កីឡា គណៈកម្មាធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា គណៈកម្មាធិការជាតិ​​ប៉ារ៉ា​ឡាំពិក​​កម្ពុជា សហព័ន្ធ​កីឡាជាតិ និង ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដែលបាន​​សហការគ្នា​យ៉ាងល្អ រៀបចំ​ការប្រកួត​កីឡាជាតិ​លើកទី៤ និង​កីឡាជាតិ​ជនពិការ​លើកទី២ នេះឡើង ព្រមទាំង​​បានវាយតម្លៃ​ខ្ពស់​​ចំពោះ​​ការខិតខំ​ប្រឹងប្រែង​​​របស់​​ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការ​ដាក់ចេញ​នូវ​​វិធានការ​​កំណែទម្រង់​ស៊ីជម្រៅ​​លើវិស័យ​អប់រំកាយ ​និង ​កីឡា តាមរយៈ​ការបន្ត​ការ​ជួសជុល​​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​​កីឡា ការធ្វើ​ប្រតិភូកម្ម​ការងារ​ និង​ការ​ផ្តល់​គាំទ្រ​​ថវិកា​ដល់​​សហព័ន្ធ​កីឡាជាតិ ដើម្បី​ធ្វើការ​​បណ្តុះបណ្តាល​​ធនធាន​មនុស្ស​​ជំនាញ​​កីឡា​ និង​ការកែទម្រង់​​ការប្រកួត​កីឡា​​ជាដើម។

សម្តេចធិបតី​បានលើកឡើង​ថា ការរៀបចំ​ការប្រកួត​កីឡាជាតិ​លើកទី៤ និង​កីឡាជាតិ​ជនពិការ​លើកទី២នេះ ជាឱកាស​ថ្មីមួយទៀត​ដែលបាន​បង្ហាញ​អំពី​ការរីកចម្រើន​និង​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅកម្ពុជា និងជា​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡាយុវជន​អាស៊ី​លើកទី៥ និងយុវជន​អាស៊ី​ប៉ារ៉ាហ្គេម​លើកទី៦​នៅឆ្នាំ២០២៩។ ម៉្យាងវិញទៀត ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់សង្គម ក៏ដូចជា​នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់​មុខមាត់​ជាតិ ទីផ្សារ ពាណិជ្ជកម្ម និង ការទាក់ទាញ​ភ្ញៀវទេសចរ​ជាដើម ដែលនេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​មួយជំហាន​ទៀតក្នុងការ​បង្ហាញ​ឱ្យឃើញ​នូវកម្លាំង​សាមគ្គីភាព​ជាតិ​និង​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា។

ក្នុងពិធី​ដ៏មហោទ្បារិក​នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​កម្ពុជា​នឹងធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ការប្រកួត​កីឡា​យុវជនអាស៊ី​នៅឆ្នាំ២០២៩ ហើយការ​សម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​អាចប្រព្រឹត្ត​ទៅបាន​ គឺអាស្រ័យ​លើសមត្ថភាព​ពេញលេញ​និង​ការកៀរគរ​ធនធាន​ចាំបាច់​និង​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់តំបន់​អាស៊ី​ដ៏ធំនេះ​ឱ្យបានល្អ​និង​រលូន​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។ សម្តេច​បានបញ្ជាក់​បន្ថែមថា ក្នុងនាម​ជាម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ២០២៩ កម្ពុជា​មានមហិច្ឆតា​រៀបចំ​ទទួលស្វាគមន៍​ភ្ញៀវជាតិ​និង​អន្តរជាតិ​ប្រកប​ដោយ​ភាពកក់ក្តៅ បដិសណ្ឋារកិច្ច​ល្អ​និង​សេវាល្អ សម្រាប់​គ្រប់ប្រតិភូ​កីឡា​និង​ភ្ញៀវជាតិ​-អន្តរជាតិ  ឱ្យទទួលបាន​បទពិសោធន៍​ល្អក្នុងការ​ចូលរួម​ការប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ២០២៩នៅកម្ពុជា។

គួររម្លឹកថា កាលពី​ឆ្នាំ២០២៣កន្លងទៅ កម្ពុជា​បានធ្វើជា​ម្ចាស់ផ្ទះ​នៃការប្រកួត​កីឡា​ស៊ីហ្គេម​លើកទី ៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ដោយកម្ពុជា​ទទួលបាន​មេដាយ​ពីការប្រកួត​សរុប​ចំនួន ២៨២ គ្រឿង ឈរនៅ​លេខរៀង​ទី៤ក្នុងចំណោម ១១ ប្រទេស​ក្នុងតំបន់​អាស៊ាន និងអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ កម្ពុជា​ទទួលបាន​មេដាយ​សរុប ៧៣ គ្រឿង ឈរនៅ​លេខរៀង​ទី៨​ក្នុងចំណោម ១១ ប្រទេសក្នុង​តំបន់​អាស៊ាន។

ទិដ្ឋភាពនៃពហុកីឡដ្ឋានជាតិអូឡាំពិកនាពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

សូមបញ្ជាក់ថា ការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២​ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាម​ទីលាន​ប្រកួត​តាមវិញ្ញាសា​ក្នុងភូមិសាស្ត្រ​រាជ​ធានី​​ភ្នំពេញ ខេត្ត​កែប ស្វាយរៀង ព្រះ​សីហនុ និង ខេត្តកំពង់ឆ្នាំង។ មានប្រតិភូ​ កីឡាករ និង ​កីឡាការិនី​សរុប​ចំនួន​ ​​៤៨៥០ ​នាក់ មក​ពី ​​២៥ ​រាជ​ធានី-ខេត្ត និង​ក្រសួងចំនួន​៣ គឺក្រសួង​មហា​ផ្ទៃ ក្រសួង​ការពារ​ជាតិ  និង ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ។

ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៤មាន​កីឡាចំនួន ​៣៦ ​ប្រភេទ ស្មើ​នឹង​ ៣២៨ ​វិញ្ញាសា រួមមាន​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លី​លើតុ (ប៉េងប៉ុង) ហែល​ទឹក តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ គុន​ដាវ​ គុន​ល្បុក្កតោ ប្រដាល់​សកល យូដូ ចំបាប់ គុន​ខ្មែរ វាយ​កូន​បាល់ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីក​បុក​ស៊ីង កីឡារាំ ជឺជីតស៊ូ ទូកប្រពៃណី ទូក​ក្តោង លើក​ទម្ងន់ ប៊ីយ៉ានិង​ស្នូកឃ័រ ទ្រីយ៉ាថ្លុង វាយគុន​គោល ម៉ូតូទឹក អុកចត្រង្គ និង​ កីឡាវ៉ូវីណាម។

​រីឯ​ការប្រកួត​កីឡា​​ជាតិជន​ពិការ​លើកទី២ មាន​កីឡាចំនួន ​៧​ ប្រភេទ​ ស្មើ​នឹង​ ៤៥ ​វិញ្ញាសា រួមមាន​អត្តពលកម្ម​ ហែល​ទឹក បាល់បោះ​ បាល់ទះអង្គុយ ប៊ូស្សា វាយ​កូនឃ្លី​លើ​តុ​ និង អុក៕

你可能还喜欢

评论被关闭。