អង្គការសហប្រជាជាតិសន្យាបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
លោក Muhammad Abdul Muhith ប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិ នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារ UN ចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ដោយមិនទុកអ្នកណាចោលនោះទេ។
លោក Muhammad Abdul Muhith អះអាងបែបនេះ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នៅវិមានសន្តិភាព។
លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារ UN និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា ក្នុងនោះរួមមានការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រីនិងយុវជននៅតាមសហគមន៍មូលដ្ឋាន។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិង UN ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និង ចីរភាពនៅកម្ពុជា។
សម្ដេចធិបតីមានប្រសាសន៍បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់នូវទស្សនទាននិងការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជានិងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសកម្ពុជា។
ក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Muhammad Abdul Muhith ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារ UN លើវិស័យ សំខាន់ៗ រួមមានវិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ស្រ្តីនិងយុវជនជាដើម។
សូមរម្លឹកថា ទីភ្នាក់ងារ UN ទាំង៦ ដែលនឹងបន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ (UNWOMAN) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕
评论被关闭。