កូរ៉េ៖ ពលករកម្ពុជាគឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ
កូរ៉េខាងត្បូងបានចាត់ទុកពលករកម្ពុជា ដែលបាននិងកំពុងតែបំពេញការងារនៅក្នុងទឹកដីប្រទេសកូរ៉េ គឺជាដៃគូដ៏សំខាន់ក្នុងការជួយជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។
ភាគីកូរ៉េបានលើកឡើងបែបនេះ ខណៈពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយលោក គីម ហាន់ហ្គីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះ លោក គីម ហាន់ហ្គីល បានសរសើរការអភិវឌ្ឍនិងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជា នឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។
លោក គីម ហាន់ហ្គីល ក៏បានសម្ដែងក្ដីរីករាយ ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយលោកបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូដ៏សំខាន់មួយក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែឧសភា ឆ្នាំ២០២៤ ដែលនេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលតែងតែបានជួយដល់ការកសាងនិងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង វិស័យឧស្សាហកម្មជាដើម។ ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ការគាំពារដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យលោក គីម ហាន់ហ្គីល បន្តកិច្ចសហការដ៏ល្អនិងសកម្មជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
យោងតាមទិន្នន័យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីៈកម្ពុជាបានបង្ហាញថា ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥ ៨៤៤ នាក់ (ស្រី ២៣ ០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។ ក្នុងនោះ ពលករបន្តអាណត្តិមានចំនួន ១៣ ៩២៦ នាក់ (ស្រី ២ ៥០២ នាក់)។ ពលករកម្ពុជាបម្រើការក្នុងវិស័យឧស្សាហកម្ម (៦៥ ៣១៧ នាក់) កសិកម្ម (៣៥ ០១១ នាក់) និង សំណង់ (៥ ៥១៦ នាក់)។
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥ ១៧០ នាក់ (ស្រី ១២ ០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានប្រាក់បៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១ ៤៥០ ដុល្លារអាម៉េរិក។
ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសមានចំនួនជាង ១,៣ លាននាក់ ដោយបានផ្តល់ចំណូលចូលមកកម្ពុជាវិញជាង ២ ៧០០ លានដុល្លារក្នុង ១ ឆ្នាំ ដែលនេះជាសក្តានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ពលករកម្ពុជាទៅបម្រើការនៅប្រទេសថៃច្រើនជាងគេ គឺចំនួនប្រមាណ ១,២ លាននាក់ កូរ៉េខាងត្បូងប្រមាណ ៤៥ ៩០០ នាក់ ម៉ាឡេស៊ីប្រមាណ ២៣ ០០០ នាក់ ជប៉ុនប្រមាណ ១១ ៤៥០ នាក់ សិង្ហបុរីប្រមាណ ៨០០ នាក់ ទីក្រុងហុងកុងប្រមាណ ២០០ នាក់ និង ប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រមាណ ៤០ នាក់៕
评论被关闭。