សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកបណ្ឌិត ម៉ុង ឫទ្ធី ដែលស្ម័គ្រចិត្តចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលទានអាហារពេលព្រឹកជាមួយគ្នា និងបានជជែកអំពីការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។
បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត ម៉ុង ឫទ្ធី ដែលបានបង្ហោះនៅថ្ងៃទី១ វិច្ឆិកានេះបានឱ្យដឹងថា វេលាម៉ោង៨ព្រឹក សម្តេចធិបតីបានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសាអាហារពេលព្រឹកនិងពិភាក្សាលើវិស័យផលិតជីសរីរាង្គ (ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករខ្មែរក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែច្រើនបន្ថែមទៀត។
លោកបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងទៀតថា ក្រោយពីបានជួបពិភាក្សារយៈពេល ១ ម៉ោងនិង ១៥ នាទីរួចមក លោកពិតជាមានការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះភាពឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ដោយស្ទើរតែគ្រប់ពាក្យទាំងអស់គឺសម្តេចគិតគូរតែពីផលប្រយោជន៍ជាតិនិងប្រជាជន។
លោកបានអះអាងថា៖ “ខ្ញុំបាទនឹងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេច ដើម្បីបានចូលរួមចំណែកបម្រើជាតិនិងប្រជាជនលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ធម្មជាតិនេះ។”
ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកខ្លឹមសាររបស់លោកបណ្ឌិត ម៉ុង ឫទ្ធី លើហ្វេសប៊ុកផ្លូវការរបស់សម្តេចផងដែរ។
សម្តេចធិបតីបានសរសេរថា៖ “សូមអរគុណឯកឧត្តមពូ ដែលបានចែករំលែកបទពិសោធន៍និងស្ម័គ្រចិត្តចូលរួមរកដំណោះស្រាយជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់វិស័យកសិកម្មនិងកសិករយើង”៕
评论被关闭。