ចិនដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបរបស់កម្ពុជា
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនចិនខេត្តគ័ងស៊ី (Guangxi) បានដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបរបស់កម្ពុជា សម្រាប់រយៈពេលជាក់លាក់មួយ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយតំណាងខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិការស៊ីជម្រៅទាក់ទង នឹងស្វាយចន្ទីកម្ពុជា។
លោក ស៊ុយ កុកធាន បានឱ្យដឹងថា ក្រុមហ៊ុនរដ្ឋនិងឯកជនរបស់ខេត្តគង័ស៊ីបានដាក់គោលដៅចំនួនពីរ៖ ទី១ នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបសម្រាប់រយៈពេលជាក់លាក់មួយ។ ទី២ រួមសហការបង្កើតជា E-Commerce Platform សម្រាប់នាំយកស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេសទីផ្សារប្រទេសចិន។
គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សមាគមស្វាយចន្ទីកម្ពុជាបានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីសម្រួលការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលកសិកម្មមួយចំនួនចូលក្នុងខេត្តគ័ងស៊ី ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើនឡើង២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១,១ ប៊ីលានដុល្លារអាម៉េរិក កើនឡើង៣៦% ខណៈតម្លៃកើន៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ដោយឡែក យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួន ៥៨០ ១១៧ ហិកតា និងមានសក្ដានុពលផលិតកម្មចំនួន ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ ហើយកម្ពុជាឈរក្នុងចំណោមប្រទេសចំនួន ៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕
评论被关闭。