លោក ស៊ុន ចាន់ថុល ចូលរួមសិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគនៅទីក្រុងបាងកក ដើម្បីផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជា

កាលពី​រសៀល​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក​ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចូលរួម​សិក្ខាសាលា​ជំរុញ​និង​ទាក់ទាញ​វិនិយោគនៅទីក្រុង​បាងកក ប្រទេសថៃ និងបានថ្លែង​សុន្ទរកថា​គន្លឹះ​បង្ហាញពី​សក្តានុពល​វិនិយោគ​​របស់​កម្ពុជា។

សិក្ខាសាលា​នេះសហការ​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ប្រចាំ​កម្ពុជា ​និង​ថៃ និងគណៈកម្មាធិការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម AEM-METI (AMEICC) ដើម្បី​សម្លឹងមើល​ឱកាស​ទាក់ទាញ​វិនិយោគិន​តាមរយៈ​យន្តការ​ប្រទេស​បូក (Thailand +1)។

កម្មវិធី​នេះក៏មាន​ការចូលរួម​ពីសមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​កម្ពុជា (JBAC) សភា​ពាណិជ្ជកម្ម​ជប៉ុន​ បាងកក (JCC) និងថ្នាក់ដឹកនាំ​ពីក្រសួង ស្ថាប័ន​របស់​កម្ពុជា វិស័យ​ឯកជន ដែលបាន​ចូលរួម​ដោយផ្ទាល់​និង​តាមប្រពន្ធ័​វីឌីអូ​ពីចម្ងាយ (Zoom) ចំនួន​ប្រមាណ ២០០ នាក់។

សិក្ខាសាលា​នេះត្រូវបាន​រៀបចំ​ឡើងក្នុងគោលបំណង​ដើម្បី​ផ្សព្វផ្សាយអំពី​គោលនយោបាយ​របស់​កម្ពុជា​លើកិច្ចការងារ​វិនិយោគ ពិសេស​ការចូលរួម​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុងកិច្ចការងារ​ទាក់ទាញ សម្របសម្រួល និង ថែទាំវិនិយោគ សំដៅ​ជំរុញ​កម្ពុជា​ចូលរួម​ឱ្យបាន​កាន់តែ​ប្រសើរ​ក្នុងខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ពិភពលោក។ តាមរយៈ​ច្បាប់​ស្ដីពី​វិនិយោគ កម្ពុជា​បានបើក​ចំហរ​និង​ផ្ដល់ការ​លើកទឹកចិត្ត​ជាច្រើន​ជូន​វិនិយោគិន លើវិស័យ​ជាអាទិភាព​នានា។

ក្នុងឱកាស​នៃសិក្ខាសាលា​នេះ កម្ពុជា​បានបង្ហាញ​នូវ​ជម្រើស​ជាវិជ្ជមាន​ដែលវិនិយោគិន ពិសេស​វិនិយោគិន​ជប៉ុន គួរសម្រេចចិត្ត​ពង្រីក​ផលិតកម្ម​របស់​ខ្លួនតាមរយៈ​យន្តការ​ប្រទេស​បូក ដោយទាញយក​សក្ដានុពល​ដែល​កម្ពុជា​អាច​ផ្ដល់ជូន​ក្នុងខ្សែច្រវ៉ាក់​ផលិតកម្ម​នោះ។

លោក ស៊ុន ចាន់ថុល បានជម្រាបជូន​អំពី​ភាពអំណោយផល​នៃស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច មានរដ្ឋាភិបាល​ដែលគាំទ្រ​ធុរកិច្ច មានទីផ្សារ​សេរី និង មានភាពទូលំទូលាយ​តាមរយៈ​យន្តការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ពហុភាគី បូករួម​ទាំងការ​ចូលប្រើប្រាស់​កូតា​ដោយឥត​គិតថ្លៃ​ទៅកាន់​ទីផ្សារ​សំខាន់ៗ​ជាច្រើន​ដែលកម្ពុជា​ទទួលបាន កម្លាំង​ពលកម្ម​វ័យក្មេង​ដែលប្រកប​ទៅដោយ​ជំនាញ ភាពស្វាហាប់ និង អាចបណ្តុះបណ្តាល​បាន ពិសេស​កម្ពុជា​បាននិង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពាសពេញ​ផ្ទៃប្រទស​ដែលគាំទ្រ​ដល់​ធុរកិច្ច​ផងដែរ។

លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា តាមរយៈ​សក្ដានុពល​ទាំងនេះ កម្ពុជា​បានត្រៀមខ្លួន​រួចរាល់​ក្នុងការ​សម្របសម្រួល​ការវិនិយោគ​របស់​គ្រប់បណ្ដា​វិនិយោគិន​ ដែលជ្រើសរើស​ការបណ្ដាក់ទុន​នៅកម្ពុជា៕

你可能还喜欢

评论被关闭。