កម្ពុជានិងម៉ាកាវចុះអនុស្សារណៈយោគយល់ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

កាលពី​ពេលថ្មីៗនេះ ក្រសួង​ពាណិជ្ជកម្ម​​ និង​សមាគម​សហព័ន្ធ​អ្នកផ្គត់ផ្គង់​ម៉ាកាវ​ នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ប្រទេស​ចិន បានចុះ​​អនុស្សារណៈ​​យោគយល់ ដើម្បី​​ភ្ជាប់​ទំនាក់ទំនង​​ជាមួយ​​ទីផ្សារ​​ដៃគូ​ដែលមាន​អ្នកផ្គត់ផ្គង់​ និង​បញ្ជា​ទិញ​​ប្រមាណ​ជាង​ ១០០០ កន្លែង​នៅទូទាំង​ទីក្រុងម៉ាកាវ​ និងទីក្រុង​ហុងកុង។

 

ពិធី​ចុះអនុស្សារណៈ​​យោគយល់​នេះ ធ្វើឡើង​នៅទីក្រុង​ម៉ាកាវ រវាង​លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក KIT HENG LEI នាយក​ប្រតិបត្តិ​​សមាគម​សហព័ន្ធ​​អ្នកផ្គត់ផ្គង់​​ម៉ាកាវ (MUSA) ក្រោមអធិបតីភាព​​របស់​លោក Gao Kaixian ប្រធាន​​ក្រុមប្រឹក្សា​​នីតិបញ្ញាតិ្ត​ និង លោក Dong Wei តំណាង​​ការិយាល័យ​​ទំនាក់​ទំនង​សេដ្ឋកិច្ច​​នៃ​រដ្ឋបាល​កណ្តាល ​នៃ​រដ្ឋបាល​​ពិសេស​​ម៉ាកាវ។

ការចុះ​អនុស្សារណៈ​យោគយល់​នេះ ធ្វើឡើង​ដើម្បី​​​ភ្ជាប់ទំនាក់ទំនង​​​ជាមួយ​​​ទីផ្សារ​​​ដៃគូ​​​ដែលមាន​​​អ្នកផ្គត់ផ្គង់​​ និង​អ្នកបញ្ជាទិញ​​​ផលិតផល​​ជាច្រើន​​ប្រភេទ​​ចូលទៅ​កាន់​​ទីផ្សារ​ទំនិញ ផ្សារទំនើប​តូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និង រីហ្សត ប្រមាណ​​ជាង ១០០០ កន្លែង​​នៅទូទាំង​ទីក្រុង​ម៉ាកាវ​ និង​ហុងកុង។ ទន្ទឹម​នឹងនេះ គឺក្នុងបំណង​​ផ្សារភ្ជាប់​​ទំនាក់ទំនង​​ទីផ្សារ​ដៃគូ​ និង​ពង្រីក​​ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​​ល្អជាមួយ​​នឹង​​សមាគម​ MUSA ដែលមាន​អ្នកផ្គត់ផ្គង់​​សំខាន់ៗ រួមមាន​​សហគ្រាស​ និង​​ក្រុមហ៊ុន​​តូចធំ​ប្រមាណ​ជិត ៣០០ ដែល​ជាអ្នក​ផ្គត់ផ្គង់​​ចែកចាយ​​កសិផល​និង​​ម្ហូបអាហារ​​ជាសមាជិក។

រហូត​​មកដល់​​ពេលនេះ មាន​សមាជិក​​ដែលជា​អ្នកផ្គត់ផ្គង់ ​និង​​ចែកចាយ​​ជា​ច្រើន​​របស់​សមាគម​ MUSA បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​ក្នុង​ការ​​បញ្ជាទិញ​​ទំនិញ​​កសិផល​​រ​បស់​កម្ពុជា ដើម្បី​​នាំចេញ​​ទៅកាន់​​ទីផ្សារ​​នៅទីក្រុង​ម៉ាកាវ ​និង​ហុងកុង​​នាពេល​​ដ៏ខ្លី​ខាងមុខ​​ផងដែរ៕

你可能还喜欢

评论被关闭。