រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល ជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

នារសៀល​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បានជួប​ពិភាក្សា​ការងារជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា។

លោក វ៉ាង វិនពីន បានកោតសរសើរ​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែលបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ចិន-កម្ពុជា។

លោក​មានប្រសាសន៍​ថា ចិន​និង​កម្ពុជា​មាន​ទំនាក់ទំនង​មិត្តភាព​ជាយូរលង់ណាស់​​មកហើយ ទំនាក់ទំនង​ទ្វេភាគី​នៃកិច្ចសហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្មគឺជា​ផ្នែកមួយ​ដ៏សំខាន់។ ភាគីចិន​រីករាយ​រួមគ្នា​ជាមួយភាគី​កម្ពុជា​ក្នុងការ​បន្ត​គោលការណ៍បើកចំហ ប្រកាន់​ខ្ជាប់នូវ​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី រួមគ្នា​កសាងសេដ្ឋកិច្ច​ពិភពលោក​បែបបើកចំហ។

លោកស្រី ចម និម្មល បានថ្លែង​អំណរគុណ​ចំពោះ​ភាគី​ចិនដែលតែងតែ​ផ្តល់ការគាំទ្រ​ដល់កម្ពុជា​តាំងពីដើមមក ចិនបាន​ជួយកម្ពុជាឱ្យទទួលបាន​អត្ថប្រយោជន៍ជាច្រើន​ពី​កិច្ចព្រមព្រៀង​ទ្វេភាគី​និង​ពហុភាគី​គ្រប់ប្រភេទ​ និងការផ្សព្វផ្សាយ​ទៅកាន់ទីផ្សារ​អន្តរជាតិ។ ភាគី​កម្ពុជា​រីករាយ​ក្នុងការ​រួមគ្នា​ជាមួយ​ភាគី​ចិន​ដើម្បី​ស្វែងរកទម្រង់​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ថ្មីៗ​បន្ថែមទៀត​។

ក្នុងជំនួបនេះ ភាគី​ទាំងពីរ​បានពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់គ្នា​ពីកាលានុវត្តភាព​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី និងលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ចិន​ឱ្យកាន់តែ​ប្រសើរឡើង ជាពិសេស​តាមរយៈ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលភាគី​ទាំងពីរ​ជាសមាជិក ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន អាស៊ាន-ចិន និង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)៕

你可能还喜欢

评论被关闭。