លោក វ៉ាង វិនពីន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី មុនិនាថ សីហនុ
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បីពាំនាំនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិពីលោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិននិងភាគីចិនជាថ្មីម្តងទៀត។
លោក វ៉ាង វិនពីន មានប្រសាសន៍ថា លោកប្រធានាធិបតី ស៊ី ជីនភីង បានផ្ញើសារអបអរសាទរជាពិសេសចំពោះខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះព្រះរាជវង្សានុវង្សកម្ពុជានិងទំនាក់ទំនងចិន-កម្ពុជា។ ក្រោយឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពកម្ពុជា លើកកម្ពស់អត្តសញ្ញាណជាតិលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជានុរាស្ត្រប៉ុណ្ណោះទេ ថែមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសង្គមអន្តរជាតិទៀតផង។
ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងព្រះរាជវង្សានុវង្សដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ភាគីចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយរាជវង្សខ្មែរ ហើយរីករាយក្នុងការបន្តផ្តល់ការគាំទ្រនិងជំនួយដល់ក្រុមការងាររាជវង្ស។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ស៊ី ជីនភីង ដែលបានផ្ញើសារជូនពរជាពិសេសដល់ព្រះអង្គ។ ព្រះអង្គទាំងពីរក៏បានថ្លែងអំណរគុណចំពោះភាគីចិនដែលតែងតែផ្តល់ការគាំទ្រនិងជំនួយដល់ការថែរក្សាឯករាជ្យនិងជំរុញការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារីករាយរួមគ្នាជាមួយភាគីចិនក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន សកម្មក្នុងការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិនក្នុងយុគសម័យថ្មី៕
评论被关闭。