ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា
ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជាប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅឆ្នាំ២០៣០។
ADB បានឱ្យដឹងថា សម្រាប់គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាព និងលទ្ធភាពទទួលបានសេវាកម្មឆ្លើយតបនឹង GBV។
គម្រោង ១០ លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB ដែលត្រូវការជំនួយគាំទ្រនេះបំផុត។
គម្រោងនេះនឹងពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅតំបន់ជនបទ និងជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀននិងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
បើយោងតាម ADB ចំនួនករណី GBV នៅតែបន្តមានច្រើន ទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង GBV ដែលក្នុងនោះរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានធ្វើការសាកល្បងវិធីសាស្រ្តបង្ការប្រកបដោយជោគជ័យក៏ដោយ។
ចាប់តាំងពីឆ្នាំ២០១៤ កម្រិតអត្រាករណីអំពើហិង្សាបង្កដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ ពិន្ទុភាគរយមក២១% សម្រាប់ចំនួនស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ទោះបីកម្រិតនេះប្រសើរជាងកម្រិតមធ្យមភាគពិភពលោកនិងអាស៊ីអាគ្នេយ៍ដែលមាន៣០% កម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារការឆ្លើយតបមិនទាន់រលូន បណ្តាលមកពីភ្នាក់ងារសាធារណៈច្រើននិងសេវាថែទាំដែលផ្តោតលើជនរងគ្រោះនៅមានកម្រិត។
គម្រោងនេះនឹងលើកកម្ពស់ដំណោះស្រាយឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និង ធនធានទំនាក់ទំនង២៤/៧ (២៤ម៉ោងក្នុង ១ ថ្ងៃនិង ៧ ថ្ងៃក្នុង ១ សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារនិងការឆ្លើយតបជាបន្តសំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបានជម្រកសុវត្ថិភាពនិងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។
ដោយផ្អែកលើមេរៀនពីគម្រោង GBV មុនៗនៅអាស៊ី គំនិតផ្តួចផ្តើមនេះលើកកម្ពស់វិធីសាស្រ្តដែលមានការចូលរួមសកម្មពីគ្រប់ភ្នាក់ងាររដ្ឋាភិបាល ដោយរួមបញ្ចូលសមភាពយេនឌ័រនិងការយកចិត្តទុកដាក់លើ GBV ពីក្រសួងសំខាន់ៗ រួមមានក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយកិច្ចសហការ៕
评论被关闭。