កម្ពុជា-ចិនបង្កើនសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល
វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា បានប្រកាសបើកដំណើរការនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
កម្មវិធីនេះរៀបចំដោយសភាពាណិជ្ជកម្មចិន (កម្ពុជា) និងសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ធ្វើឡើងក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនបន្ថែមទៀត ជាពិសេសលើផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសទាំងពីរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាជន្ទល់ថ្មីមួយបន្ថែមសម្រាប់គាំទ្រកំណើននិងធានាភាពធន់នៃសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលបានជំរុញនវានុវត្តន៍ថ្មីៗដែលរូមចំណែកបង្កើតតម្លៃបន្ថែម បង្កើតផលិតភាព ប្រសិទ្ធភាពការងារ និងក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្មកម្ពុជាជាមួយសេដ្ឋកិច្ចសកល។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលកាលទី៦ បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា (២០២១- ២០៣៥) និងគោលនយោបាយរដ្ឋាភិបាលឌីជីថល (២០២២-២០៣៥) ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ជាត្រីវិស័យរៀបចំបរិវត្តកម្មឌីជីថលកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈធានាប្រសិទ្ធភាពសមិទ្ធកម្មតាមរយៈការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។ លោកបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ បានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយ ដើម្បីឆ្លើយតបបដិវត្តកម្មឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងជាមធ្យោបាយក្នុងការសម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វ៉ាង វិនពីន បានថ្លែងថា បច្ចុប្បន្នរង្វង់ជុំថ្មីមួយនៃការអភិវឌ្ឍស៊ីជម្រៅនូវបដិវត្តបច្ចេកវិទ្យានិងបរិវត្តកម្មឧស្សាហកម្ម បានប្រែក្លាយសេដ្ឋកិច្ចឌីជីថលទៅជាចំណុចកំណើតថ្មីនៃសេដ្ឋកិច្ចសកល បរិវត្តកម្មសង្គមឌីជីថលគឺជានិន្នាការរួមទៅហើយ។ ទន្ទឹមនឹងនេះ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងសង្គមឌីជីថលជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់ការបណ្តុះបណ្តាលធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរដល់ការជំរុញការបើប្រាស់បច្ចេកវិទ្យាឌីជីថល។
លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ទទួលបានការរីកចម្រើនយ៉ាងលឿន។ ភាគីចិនបានសកម្មក្នុងការចូលរួមចំណែកកសាងប្រព័ន្ធបណ្តាញទូរសព្ទចល័តនៅក្នុងប្រទេសកម្ពុជា និងកំពុងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅពង្រីកអត្រាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន១០០% និងតំបន់ជនបទឱ្យបាន៧០%នាឆ្នាំ២០២៥។
លោកបញ្ជាក់បន្ថែមថា ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួនដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត ដែលជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថលជាបន្តបន្ទាប់។
ចំពោះការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា លោក វ៉ាង វិនពីន អះអាងថា គឺចំពេលវេលាដែលត្រឹមត្រូវ វាបានបង្ហាញកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា។
គួររម្លឹកថា នៅដើមឆ្នាំ២០២៤នេះ កម្ពុជា-ចិនសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៩,៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៣,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំ ១,២៧ ប៊ីលានដុល្លារ កើនឡើង២១% ខណៈការនាំចូលពីចិនមកវិញមានទំហំ ៨,៥២ ប៊ីលានដុល្លារ កើនឡើង១២%៕
评论被关闭。