សម្ដេច ប៊ុន រ៉ានី៖ ការដង្ហែអង្គកឋិនទៅកាន់វត្តខ្មែរក្រោម ឆ្លុះបញ្ចាំងពីមហាសាមគ្គីគ្រួសារខ្មែរក្រោមម្លប់សន្តិភាព
«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ត្រូវបានដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាមហើយ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទខ្មែរក្រោមក្នុងអង្គកឋិនទាននៅវត្តពោធិគិរីវង្សារាម សម្ដេច ប៊ុន រ៉ានី បានថ្លែងថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តខ្មែរក្រោម បានឆ្លុះបញ្ចាំងឱ្យឃើញពីការជួបជុំនៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ប្រកបដោយភាតរភាព មិត្តភាព និង សាមគ្គីភាពក្រោមដំបូលសុខសន្តិភាព។
សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរនៅកម្ពុជានិងនៅគ្រប់ទិសទី តែងតែនឹករឭកគ្នានិងតែងស្កាត់ជួបជុំគ្នានៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និង បុណ្យកឋិនទាននេះជាដើម។ ជាក់ស្ដែង អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ ជាអង្គកឋិនទានជាប្រវត្តិសាស្រ្តដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និង សាមគ្គីភាពក្នុងចំណោមមហាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋខ្មែរក្រោមដំបូលនៃសុខសន្តិភាព។
សម្តេច ប៊ុន រ៉ានី ក៏បានវាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម ដែលបានបន្តថែរក្សាបានវប្បធម៌ប្រពៃណីខ្មែរ តជំនាន់មកនេះ និងបានអរគុណចំពោះរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់វៀតណាម ដែលបានបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមរស់នៅនិងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនជារៀងរហូតមក និងបន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើនរាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែកនៅក្នុងការថែរក្សាបេតិកភណ្ឌដែលមនុស្សជាតិមាន។
គួរជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច ប៊ុន រ៉ានី បានដឹកនាំដង្ហែអង្គកឋិនទានទៅដល់វត្តពោធិគិរីវង្សារាម ហើយប្រារព្ធពិធីសាសនាតាមប្រពៃណីខ្មែរ។ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបានរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារនិងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ៕
评论被关闭。